(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាមប្រចាំឆ្នាំ២០២១ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២២ និងខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២២។

អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ននេះ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្រេចបានសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ពិសេសវិស័យកីឡាបានរីកធំធាត់ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្ត សុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គលវិបុលឧត្តមថ្លៃថ្លាបំផុត។

លោកថា «ដោយមានភាពដ៏មហាអស្ចារ្យលើសលុបនេះហើយ ខ្ញុំសូមឧទ្ទិសឱ្យទិវាជ័យជម្នះ ៧ មករា ក្លាយទៅជាការប្តេជ្ញាចិត្តជាសកល និងសូមអំពាវនាវដល់គ្រប់មន្ទីរ-អង្គភាព និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិសេសកីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍលើគ្រប់វិស័យ តាំងតែពីវិស័យអប់រំ សង្គមកិច្ច សុខាភិបាល កសិកម្ម និងគ្រប់វិស័យ ពិសេសវិស័យកីឡានេះឯង ឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ព្រមៗគ្នាឡើង»។

អត្ថន័យ នៃការប្រកួតកីឡាដ៏មានតម្លៃនេះ សូមឱ្យយុវជនគ្រប់រូប បង្ខំចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេល ប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេលប្រកួតជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ ដែលគណៈកម្មការបច្ចេកទេសបានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ៕