(សេអ៊ូល)៖ ក្រុមហ៊ុន Samsung ទំនងជាប្រកាសបង្ហាញពីរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ ដោយក្នុងនោះប្រាក់ចំណូលភាគច្រើនបានមកពីការលក់បន្ទះឈីបមេម៉ូរី ស្របពេលដែលពិភពលោកកំពុងតែខ្វះខាតបន្ទះឈីបជាសកល។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេនៅពិភពលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូន មួយនេះ ទំនងជាអាចឈានដល់ ១៥.២ពាន់ពាន់លានវ៉ុន (ប្រហែល ១២.៧ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី៤។ នេះបើយោងរតាមការវិភាគរបស់ស្ថាប័ន Refinitiv SmartEstimate។
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១កន្លងទៅនេះ បើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ ២០២០ គឺបានកើនឡើង ៦៨ភាគរយ ដោយកើនឡើងពី ៩.០៥លានវ៉ុន។
ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងប្រមាណ ១២ភាគរយ នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ នៅក្នុងការរំពឹងទុកពីការលក់បន្ទះឈីបពីតម្លៃដ៏ខ្ពស់នៅក្នុងឆ្នាំ២០២១ ដោយសារមានមជ្ឈមណ្ឌលទិន្នន័យថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ព្រមទាំងតម្រូវការផ្សេងទៀតជាច្រើន បានធ្វើឱ្យសន្ទុះនៃការលក់ និងតម្រូវការបន្ទះឈីបមេម៉ូរីរបស់ Samsung មានការកើនឡើង។
នេះបើយោងតាមការព្យាករណ៍ជាមធ្យម ប្រាក់ចំណេញបានមកពីការលក់បន្ទះឈីបនៅក្នុងត្រីមាសទី ៤ របស់ក្រុមហ៊ុន Samsung ទំនងទទួលបាន ៩.៧ ពាន់ពាន់លានវ៉ុន ដោយបានកើនឡើងច្រើនជាងពីរដងបើធៀបទៅនឹងឆ្នាំ២០២០ ដែលមានត្រឹមតែ ៣.៨៥ពាន់ពាន់លានវ៉ុន៕