(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេ និងមានការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម បានដាក់ពង្រាយបង់អង្គុយសរុបចំនួន ៤៣៩ និងធុងសំរាមចំនួន១,០០០ ទៅដល់ស្ថាប័ន និងនៅតាមទីតាំងសាធារណៈជាច្រើន ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

ស្របជាមួយនឹងគោលតម្លៃចម្បងរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងការផ្ដល់ត្រឡប់ទៅសង្គមវិញ ក្រុមហ៊ុនតែងតែមានសកម្មភាពបរិច្ចាគជាហូរហែរទៅដល់សហគមន៍ ដើម្បីចូលរួមចំណែកផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋ បរិស្ថាន និងសង្គមរបស់យើងទាំងមូល។

បង់អង្គុយចំនួន៤៣៩ ត្រូវបានដាក់ពង្រាយនៅតាមស្ថាប័ននិងទីតាំងសាធារណៈសរុបចំនួន ៣០ ទីតាំង រួមមាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បញ្ជាការដ្ឋាន ស្នងការដ្ឋាន សាលាក្រុង សាលាខេត្ត សាលាស្រុក សាលាឃុំ និងបុស្តិ៍នគរបាលជាដើម។

ធុងសំរាមទាំង ១,០០០ធុង ត្រូវបានបែងចែកទៅតាមវិទ្យាល័យចំនួន៩៦ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងពង្រាយតាមដងផ្លូវក្នុងសហគមន៍ខណ្ឌដង្កោ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការឧបត្ថម្ភបង់អង្គុយ និងធុងសំរាម ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈ ប្រមាណជាង ២ ម៉ឺនកេស ដើម្បីចូលរួមទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ព្រមទាំងប្រគល់មួកសុវត្ថិភាពសរុបចំនួន ៥៥៥ ដល់តំណាងសហគមន៍ខណ្ឌង្កោកាលពីថ្មីៗនេះ៕