(ភ្នំពេញ)៖ HR Asia បានទទួលស្គាល់ក្រុមហ៊ុន Baker Tilly Cambodia (BTC) ម្តងទៀតជាក្រុមហ៊ុនដ៏ល្អបំផុតមួយដើម្បីធ្វើការនៅតំបន់អាស៉ី។ នៅឆ្នាំ២០២១នេះដែរ HR Asia បានទទួលស្គាល់ក្រុមហ៊ុនចំនួន ១៥ នៅប្រទេសកម្ពុជា ជាក្រុមហ៊ុនដ៏ល្អបំផុតដើម្បីធ្វើការនៅតំបន់អាស៉ី។ នេះគឺជាឆ្នាំទី២ ហើយដែល BTC បានឈ្នះនូវពានរង្វាន់នេះ។ BTC ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ១៨ ផ្សេងទៀតដែលបានទទួលនូវពានរង្វាន់នេះកាលពីឆ្នាំ ២០២០។

យោងតាម HR Asia ពានរង្វាន់នេះ គឺផ្តល់ឲ្យក្រុមហ៊ុននានានៅទូទាំងតំបន់អាស៉ី ហើយទទួលស្គាល់ក្រុមហ៊ុនដែលមានការអនុវត្តផ្នែកធនធានមនុស្សល្អបំផុត ដែលផ្តោតទៅលើកម្រិតខ្ពស់នៃការចូលរួមរបស់និយោជិត និងវប្បធម៌ក្នុងកន្លែងធ្វើការ។ ពានរង្វាន់នេះទទួលស្គាល់និយោជកកំពូលនៅប្រទេសនានា ដូចជា ប្រទេសកម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៉ី ម៉ាឡេស៉ី អារ៉ាប់រួម ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង កោះតៃវ៉ាន់ (របស់ចិន) វៀតណាម និង ប្រទេសថៃ។

HR Asia តែងតែត្រូវបានពិពណ៌នាថាជា «គេហទំព័រ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយបំផុតនៅអាស៉ី ក្នុងការបោះពុម្ពផ្សាយសម្រាប់អ្នកជំនាញផ្នែកធនធានមនុស្ស»

ដើម្បីទទួលបាននូវបញ្ជីក្រុមហ៊ុនដ៏ល្អបំផុតនេះ HR Asia បានសាកសួរបុគ្គលិកក្រុមហ៊ុននីមួយៗ អំពីវប្បធម៌សាជីវកម្ម ការផ្តួចផ្តើមគំនិត និងភាពជាអ្នកដឹកនាំ ក្នុងចំណោមកត្តាផ្សេងៗទៀត។

HR Asia បាននិយាយថា មានតែ «ក្រុមហ៊ុនដែលមានការអនុវត្តល្អបំផុត» ប៉ុណ្ណោះដែលបានជាប់នៅក្នុងបញ្ជីនេះ។ «លក្ខណៈពិសេសនៃពានរង្វាន់នេះទាក់ទាញការចូលរួមពីក្រុមហ៊ុនដែលនៅក្នុង Fortune ៥០០ ក៏ដូចជាក្រុមហ៊ុនធំៗផ្សេងទៀត រួមទាំងសាជីវកម្មពហុជាតិ និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល»

HR Asia បានបន្ថែមថា «ពានរង្វាន់នេះជ្រើសរើសសាជីវកម្មលំដាប់ពិភពលោក ដែលមានកម្រិតខ្ពស់នៃការចូលរួមរបស់និយោជិត និងឧត្តមភាពនៅកន្លែងធ្វើការ ខណៈពេលដែលបង្ហាញពីការយល់ចិត្ត និងការយកចិត្តទុកដាក់ចំពោះបុគ្គលិក»

BTC គឺជាបុត្រសម្ព័ននៃ Baker Tilly International ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងអាជីវកម្មមួយ ក្នុងចំណោមក្រុមហ៊ុនប្រឹក្សាយោបល់ធំបំផុតទាំង ១០ នៅលើពិភពលោក។ Baker Tilly International ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស មានវត្តមាននៅក្នុងប្រទេសជិត ១៥០ នៅអាស៉ី អាមេរិកខាងត្បូង អាហ្វ្រិក អឺរ៉ុប អាមេរិកខាងជើង និងអូសេអានី។

BTC ជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយ BTC បានអភិវឌ្ឍន៍និងរីកចម្រើនក្លាយជាក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ BTC ដំណើរការដោយផ្អែកលើចក្ខុវិស័យរបស់ខ្លួនដូចជា «ជាកន្លែងធ្វើការល្អបំផុត និងជាក្រុមហ៊ុនល្អបំផុតដើម្បីធ្វើជាដៃគូសហការ»។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានពង្រីកការិយាល័យចំនួន២ ដែលមានបុគ្គលិកជាង ៩០ នាក់ នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

BTC ផ្តល់ជូននូវសេវាកម្មដែលប្រកបដោយវិជ្ជាជីវៈពេញលេញដែលរួមមាន សេវាកម្មផ្នែកសវនកម្ម សេវាកម្មផ្នែកសារពើពន្ធ សេវាកម្មផ្នែកគណនេយ្យ សេវាកម្មផ្នែកចុះបញ្ជីក្រុមហ៊ុន សេវាកម្មផ្នែកស៉ើបអង្កេតខាងកោសល្យវិច្ច័យទៅលើគណនេយ្យ សេវាកម្មផ្នែកស្តារ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការគ្រប់គ្រងការក្ស័យធន។

BTC ត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយដែលយកចិត្តទុកដាក់ដល់បុគ្គលិក ដោយមានរៀបចំកម្មវិធីបណ្តុះបណ្តាលជាច្រើន ដែលបានជំរុញដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ។ BTC បានអនុវត្តកម្មវិធីទាំងនេះ ហើយថែមទាំងបានបន្ថែមកម្មវិធីថ្មីៗមួយចំនួនទៀត ទោះជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

វិធានការ និងគំនិតផ្តួចផ្តើមដែលផ្តោតលើបុគ្គលិកទាំងនេះរួមមាន ការបណ្តុះបណ្តាលសម្រាប់បុគ្គលិក កម្មវិធីឧបត្ថម្ភការសិក្សាវិជ្ជាជីវៈ កម្មវិធីណែនាំ កម្មវិធីជំនួយបុគ្គលិក (EAP) សម្រាប់សុខុមាលភាពផ្លូវចិត្ត និង កម្មវិធីសង្គមផ្សេងៗទៀត។

លោក KM Tan ដែលជាប្រធានគ្រប់គ្រងរបស់ BTC បាននិយាយថា «យើងតែងតែជឿថា ការយកចិត្តទុកដាក់និងមើលថែបុគ្គលិករបស់យើងបានល្អ ពួកគេពិតជានឹងមើលថែក្រុមហ៊ុនរបស់យើងឲ្យរឹតតែប្រសើរឡើង»

BTC ក៏បានបញ្ជូនបុគ្គលិកក្នុងស្រុករបស់ខ្លួនទៅកាន់បណ្តាញក្រុមហ៊ុន Baker Tilly ផ្សេងទៀតនៅក្រៅប្រទេសកម្ពុជាសម្រាប់រយៈពេល ៦ខែ។ នៅ BTC ក៏មានផ្ទះបាយមួយដែលអាចរៀបចំនិងផ្តល់អាហារថ្ងៃត្រង់ ដោយឥតគិតថ្លៃសម្រាប់បុគ្គលិកទាំងអស់។ លើសពីនេះទៅទៀត BTC ក៏បានផ្តល់អត្ថប្រយោជន៍សុខភាពដល់បុគ្គលិក ដូចជាការធានារ៉ាប់រងទៅលើគ្រោះថ្នាក់ផ្ទាល់ខ្លួន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងប្រាក់ឧបត្ថម្ភការវះកាត់ទៀតផងដែរ។ BTC អាចសម្របខ្លួនទៅនឹងស្ថានភាព COVID-១៩ ដោយមិនប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេ។

យោងតាមលោក KM Tan នៅ BTC សុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក គឺជាអ្វីដែលពួកយើងយកចិត្តទុកដាក់បំផុត។

លោក KM Tan ក៏បានសង្កត់ធ្ងន់ថា «ឆ្នាំ ២០២០ និង ២០២១ គឺជាពេលពិបាកណាស់សម្រាប់យើង។ ប៉ុន្តែយើងមានមោទនភាពខ្លាំងណាស់ក្នុងការទទួលបានពានរង្វាន់នេះ»

នៅកំឡុងពេលនៃជំងឺរាតត្បាតនេះ BTC បានដាក់ចេញនូវវិធានការបង្ការយ៉ាងសកម្មទាំងអស់ រួមទាំងការផ្លាស់វេនបុគ្គលិក និងការបែងចែកជាក្រុមផ្សេងៗគ្នា។ លើសពីនេះ BTCក៏បានអនុម័តគោលការណ៍ធ្វើការពីផ្ទះ និងដាច់ដោយឡែក ជាមួយនឹងវិធីសាស្រ្តជាប្រព័ន្ធ ដើម្បីធានាថាសេវាកម្មដែលផ្តល់ជូនអតិថិជនមិនត្រូវបានរំខាន។ ហើយទន្ទឹមនឹងនេះ ដើម្បីធានាបាននូវប្រាក់បៀវត្សរ៍ អត្ថប្រយោជន៍ និងប្រាក់បំណាច់របស់បុគ្គលិកទាំងអស់មិនត្រូវបានកាត់បន្ថយឡើយ។

នៅឆ្នាំនេះ ការដំឡើងប្រាក់បំណាច់ឆ្នាំ ប្រាក់បំណាច់អតីតភាពការងារ និងការដំឡើងប្រាក់បៀវត្សរ៍ក៏ត្រូវបានអនុវត្តដោយមិនមានការពន្យារពេលណាមួយឡើយ ហើយការវិនិយោគលើការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍បុគ្គលិក រួមទាំងការឧបត្ថម្ភការសិក្សាវិជ្ជាជីវៈ ត្រូវបានផ្តល់ដល់បុគ្គលិកដូចធម្មតា។

លោក KM Tan បញ្ជាក់ថា «យើងទាំងអស់គ្នានៅលើទំព័រតែមួយ។ យើងអាចសម្រេចបានរឿងជាច្រើនក្នុងពេលស្ថានការណ៍ដ៏លំបាកនេះ។ បុគ្គលិករបស់យើងកំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំង។ ខ្ញុំចង់អរគុណសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេ។ ពានរង្វាន់នេះគឺជារបស់ពួកគេព្រោះវាបានមកពីការខំប្រឹងប្រែងរបស់ពួកគេទាំងអស់»

ពិធីជួបជុំរបស់បុគ្គលិកជារៀងរាល់ខែ រៀបចំដោយ BTC Social Club

ការបណ្តុះបណ្តាលសមត្ថភាព ដែលធ្វើឡើងដោយ ថ្នាក់ដឹកនាំ BTC ដើម្បីធានាថាបុគ្គលិកទទួលបាន ចំណេះដឹងថ្មីៗ ដែលជាជំនួយក្នុងការធ្វើការងារ

BTC តែងតែរៀបចំកម្មវិធីជាច្រើនដូចជា ការប្រារព្ធពិធីខួបកំណើតបុគ្គលិកប្រចាំខែក៏ដូចជាការប្រារព្ធពិធីបុណ្យផ្សេងៗទៀត

ការអបអរសាទរ ទិវាសិទ្ធនារី កាលពីឆ្នាំ ២០២១