(មេនឆេស្ទើ)៖ ខ្សែការពារ Joao Cancelo របស់ក្លិបអង់គ្លេស Manchester City បានរងរបួសលើផ្ទៃមុខរបស់លោក នៅពេលក្រុមចោរបានចូលប្លន់ដល់ក្នុងផ្ទះនាពេលថ្មីៗនេះ។
កីឡាករវ័យ ២៨ឆ្នាំបានបង្ហោះរូបនៅលើ Instagram ភ្ជាប់ដោយមានស្នាមរហែកនៅលើថ្ងាសខាងស្តាំ ដែលជាការប៉ះទង្គិចជាមួយក្រុមទំនើងដែលលោកបានបញ្ជាក់ថា «ជាសំណាងដែលថ្ងៃនេះខ្ញុំអាចគេចផុតពីគ្រោះថ្នាក់ ដែលពួកវាបានព្យាយាមវាយខ្ញុំ រួមទាំងគ្រួសារផងនោះ ដ្បិតពួកគេបានចូលប្លន់ដល់ក្នុងផ្ទះខ្ញុំទៅហើយ»។
ភ្លាមៗនោះដែរក្រោយទទួលដំណឹងនេះ ក្លិប Man City ក៏បានចេញសេចក្តីថ្លែងការណ៍ជុំវិញរឿងដែលបានកើតឡើងចំពោះ Cancelo និងក្រុមគ្រួសាររបស់លោក គ្រាដែលក្រុមប៉ូលិសបានកំពុងស៊ើបអង្កេតរឿងនេះដែរ។
Cancelo បញ្ជូនបាល់បាន ៤គ្រាប់ និងរកបាន ១គ្រាប់ផងដែរ ពីការចូលលេងបាន ១៩ប្រកួតនៅ Premier League នារដូវកាលនេះ និងជាផ្នែកដ៏សំខាន់ក្នុងការជួយក្រុមការពារជើងឯក City បន្តឈរនៅកំពូលតារាងដល់បច្ចុប្បន្នផងដែរ ដែលបានចូលលេងគ្រប់ការប្រកួតនារដូវកាលនេះ៕