(ភ្នំពេញ)៖ ក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងប្រព្រឹត្ដិទៅនៅរយៈពេល២ខែទៀត ទាំងនៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ ធ្វើការអញ្ជើញក្រុមហ៊ុនផលិត នូវផលិតផលខ្មែរទាំងអស់ «បង្ហាញនូវផលិតផលរបស់ខ្លួនប្រកបដោយមោទនភាព»

ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយកម្ពុជា ឫ (Beyond Retail Business Cambodia) ដែលត្រូវបានចាត់តាំងដោយសហគ្រាសខ្មែរ ជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញក្រុមហ៊ុនផលិតផលខ្មែរទាំងអស់ ចាប់ពីបរិក្ខាផ្ទះសម្បែង ហ្វាសសិន និងគ្រឿងតុបតែងនានា ចំណីអាហារ និងកសិឧស្សាហកម្ម ក៏ដូចជាផលិតផលសុខភាព និងគ្រឿងក្រអូប តាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងពិព័រណ៍ជាស៊េរីមួយនៅក្រុងសៀមរាប និងបេះដូងរាជធានីភ្នំពេញ ក្នុងខែមករា និងកុម្ភៈខាងមុខ។

ក្រុមអ្នករៀបចំព្រឹត្ដិការណ៍នេះ ក៏អំពាវនាវឲ្យអតិថិជនជាពលរដ្ឋខ្មែរ និងអ្នកកំពុងស្នាក់នៅប្រទេសកម្ពុជា ទាំងអស់គាំទ្រក្រុមហ៊ុនផលិតផលក្នុងស្រុក ដោយការចូលទស្សនាពិព័រណ៍ និងទិញផលិតផលក្នុងស្រុកទាំងនោះ។

ពិព័រណ៍ផលិតផលខ្មែរលើកទីមួយ នឹងត្រូវបានរៀបចំឡើងនៅអង្គរប៉ាវីស ក្នុងក្រុងសៀមរាប នៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២។ ពិព័រណ៍លើកទី ២ នឹងប្រព្រឹត្ដិទៅនៅផ្សារទំនើបជីបម៉ុង Noro Mall រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមករា។ ចំណែកឯពិព័រណ៍លើកទី ៣ គ្រោងរៀបចំឡើងនៅផ្សារទំនើបជីបម៉ុង Sen Sok Mall នៅថ្ងៃទី ២៩ ខែមករា។

លោក Romano Pierre-Andre ជា Founding Partner ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយ (BRB) Cambodia បានថ្លែងថា៖ «កម្ពុជាមានផលិតផលច្រើន សន្ធឹកសន្ធាប់សម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន និងមានផលិតផលគួរជាមោទនៈជាច្រើនថែមទៀត នៅពេលផ្ដោតលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា និងដោយដៃផ្ទាល់»

លោកបានថ្លែងថា «ពិព័រណ៍របស់យើងទាំងនៅសៀមរាប និងភ្នំពេញគឺជាឱកាសដ៏ល្អបំផុត ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរប្រកបដោយមោនទភាព។ ដូច្នេះ យើងលើកទឹកចិត្ដក្រុមហ៊ុនកម្ពុជាទាំងអស់ ចូលរួមជាមួយយើងក្នុងការតាំងបង្ហាញផលិតផលរបស់ខ្លួន។ យើងក៏អញ្ជើញពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា ទាំងអស់រីករាយជាមួយកម្ពុជា និងផលិតផលកម្ពុជា ក៏ដូចជាមកជួបជាមួយម្ចាស់អាជីវកម្មផងដែរ»

ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីសហគ្រាសកម្ពុជា ជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ថា ផលិតផលខ្មែរទំនើបមានកម្រិតស្ដង់ដារខ្ពស់ ដែលអាចប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីបរទេស។

យោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលខ្មែរ បានឲ្យដឹងថា ក្រុមហ៊ុនផលិតផលខ្មែរដែលមានបំណង ចង់រួមក្នុងការតាំងបង្ហាញផលិតផលនេះ នឹងតម្រូវឲ្យបំពេញនូវលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំង ការធ្វើតេស្ដទាក់ទងនឹងប្រភព និងគុណភាពនៃផលិតផល។ ក្រុមហ៊ុនទាំងនោះ ក៏តម្រូវឲ្យផ្ដល់ព័ត៌មានអំពីការទទួលខុសត្រូវ ចំពោះក្រមសីលធម៌របស់ក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុនកម្ពុជាណាដែលមានបំណង ចង់ដាក់ពាក្យចូលរួមទទួលការជ្រើសរើស ដើម្បីបានតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន អាចធ្វើការទាញយក និងដាក់ពាក្យសុំតាមរយៈតំណរភ្ជាប់នេះ https://forms.gle/v89G3maFY1E6yn7Z8

លោក Romano Pierre-Andre ជា Founding Partner ក្រុមហ៊ុន លើសពីអាជីវកម្មលក់រាយ (BRB) Cambodia បានថ្លែងថា «អ្នកដែលចូលរួមទស្សនា និងទិញផលិតផលក្នុងស្រុក អាចទទួលបាននូវការធានាថា រាល់ផលិតផលទាំងអស់ ត្រូវតែគោរពតាមស្ដង់ដារ និងការទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌»

លោកបានបន្ដថា «លើសពីនេះ គោលបំណងរបស់យើងគឺចង់បង្ហាញថា ផលិតផលដែលបំពេញតាមស្ដង់ដារគុណភាព ទាំងនោះសុទ្ធតែអាចធ្វើការប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីបរទេសបាន។ យើងធានាថា អតិថិជិន ដែលចូលរួមក្នុងពិព័រណ៍នេះ នឹងពេញចិត្ដចំពោះផលិតផលដែលដាក់តាំងបង្ហាញទាំងអស់នោះ»

Chip Mong, Food Panda និង Angkor Tavi គឺជាម្ចាស់ឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា»