(បរទេស)៖ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី Tatsuma Yoshida បានលាលែងពីតំណែងរបស់លោកហើយ ១ឆ្នាំ មុនពេលកិច្ចសន្យាចាស់របស់លោកជាមួយក្រុមបាល់ទាត់សិង្ហបុរីនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំដោយសមាគមបាល់ទាត់សិង្ហបុរី (FAS) នាថ្ងៃអង្គារដោយលោក Yoshida បានលើកឡើងថា លោកនឹងវិលត្រឡប់ទៅរស់នៅជួបជុំជាមួយគ្រួសាររបស់លោកវិញ។

លោកបានលើកឡើងថា «វាពិតជាហេតុផលផ្ទាល់ខ្លួន» សម្រាប់ការចាកចេញ។ លោកបន្ថែមថា «ខ្ញុំបានសម្រេចចិត្តក្នុងនាមជាឪពុកមួយរូប ខ្ញុំមានកូនស្រី ២នាក់ និងក្នុងនាមជាប្តីមួយរូប។ គ្រប់គ្នាចង់ជួបជុំគ្រួសាររបស់ពួកគេ ហើយខ្ញុំក៏ដូច្នោះដែរ»

បុរសវ័យ ៤៧ឆ្នាំរូបនេះនឹងចាកចេញឆ្ពោះទៅកាន់ជប៉ុននៅថ្ងៃទី២៩ ខែធ្នូថ្ងៃនេះ ដោយវាជាផ្នែកមួយនៃការឈប់សម្រាកប្រចាំឆ្នាំរបស់លោក ដែលត្រូវបានធ្វើឡើង មុនពេលការសម្រេចបញ្ចប់កិច្ចសន្យា។

កិច្ចសន្យារបស់លោក នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ លោក Yoshida បានចូលរួមដំបូងជាគ្រូបង្គោលក្រុមជម្រើសជាតិសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៩៕