(ក្រុងឡុងដ៍)៖ ហង្សក្រហម Liverpool បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Leicester City ១-០ គ្រាដែលខ្សែប្រយុទ្ធ Mohamed Salah មានឱកាសទាត់បាល់ ១១ម៉ែត្រម្តងដែរ តែធ្វើមិនបានសម្រេច។

កីឡាករ Ademola Lookman ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យម្ចាស់ផ្ទះកញ្ជ្រោងខៀវ Leicester City គឺជាការស៊ុតចំគោលដៅ ១ជើងប៉ុណ្ណោះពីការលេង ៩០នាទីពេញនៅទឹកដី King’s Power នាយប់មិញនេះក្នុងលីគកំពូលអង់គ្លេស បញ្ចប់សប្តាហ៍ទី១៩ ជើងទី១ របស់ពួកគេ ដើម្បីបញ្ចប់ការចាញ់ ៦ពិន្ទុរបស់ Liverpool ពីក្រុមកំពូលតារាង Manchester City។

តែយ៉ាងណា ក្រុមរបស់លោក Jurgen Klopp ក៏មានឱកាសមានផងដែរ ដ្បិត Salah ទាត់បាល់ ១១ម៉ែត្រដែលត្រូវបានជួយសង្រ្គោះដោយអ្នកចាំទីដាណឺម៉ាក Kasper Scheichel និងតែត ១ក្បាលចំរបារទីគួរឲ្យស្តាយផងដែរ។

តែវាបានក្លាយជាការសងសឹកបានសម្រេចវិញផងដែរ នៅពេល Leicester City បានចាញ់ Liverpool ៣-១ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនៅ League Cup កាលពី ៦ថ្ងៃមុនពីក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅពេលប្រកួតពេញម៉ោងស្មើគ្នា ៣-៣ និងធ្វើឲ្យ Liverpool ដាច់ពីកំពូលតារាង ៩ពិន្ទុ ប្រសិនបើក្រុមការពារជើងឯក City បន្តយកឈ្នះ Brentford យ៉ាងហោចណាស់ Chelsea ស្មើនឹង Brighton នៅថ្ងៃពុធនេះ មុនបញ្ចប់ឆ្នាំ២០២១៕