(វ៉ារស្សា)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ លោក Paulo Sousa បានស្នើសុំបញ្ចប់កិច្ចសន្យារបស់លោក ដោយការយល់ព្រមគ្នាទៅវិញទៅមក បន្ទាប់ពីទទួលបានការផ្តល់ឱកាសការងារ ពីក្លិបលេងនៅលីគកំពូលរបស់ប្រេស៊ីល Flamengo ប៉ុន្តែប្រធានសមាគមបាល់ទាត់ប៉ូឡូញ លោក Cezary Kulesza បានបដិសេធចំពោះសំណើរមួយនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ បានចេញផ្សាយថា លោក Sousa គ្រោងនឹងចាប់ផ្តើមការងារថ្មី នៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល ក្នុងខែមករាខាងមុខ។ បើទោះបីជាកិច្ចសន្យារបស់លោកជាមួយនឹងប៉ូឡូញ ត្រូវបញ្ចប់នៅខែមីនាក៏ដោយ។
ភ្នាក់ងាររបស់លោក Sousa បានប្រាប់សារព័ត៌មាន PAP របស់ប៉ូឡូញ នៅថ្ងៃចន្ទថា លោក Sousa មិនទាន់បានចុះកិច្ចសន្យាជាមួយក្លិប Flamengo នៅឡើយនោះទេ។
«នេះគឺជាអាកប្បកិរិយាមិនទទួលខុសត្រូវយ៉ាងខ្លាំង មិនសមស្របទៅនឹងការប្រកាសកាលពីពេលមុន របស់គ្រូបង្វឹកនោះទេ។ ដូច្នេះ ខ្ញុំសូមបដិសេធយ៉ាងពេញទំហឹង» នេះបើតាមសម្តីលោក Kulesza បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕