(លីវើភូល)៖ កីឡាករ Virgil van Dijk, Thiago Alcantara, Fabinho និង Curtis Jones របស់ក្លិប Liverpool បានត្រឡប់ទៅហ្វឹកហាត់វិញ បន្ទាប់ពីបញ្ចប់ការព្យាបាល និងធ្វើចត្តាឡីស័ក ដោយសារវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Jurgen Klopp ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

«បាទ កីឡាករដែលបានធ្វើចត្តាឡីស័ក ឬក៏ធ្លាប់វិជ្ជមានកូវីដ១៩ បានត្រឡប់មកវិញហើយ នោះគឺកីឡាករ Fabinho, Virgil, Curtis និង Thiago» នេះបើតាមសម្តីលោក Klopp បានប្រាប់អ្នកសារព័ត៌មាន មុនពេលការធ្វើដំណើរទៅជួប Leicester City ក្នុងលីគ Premier League នាថ្ងៃអង្គារនេះ។

ក្រុមរបស់លោក Klopp នឹងជួបប្រកួតជាមួយក្រុម Leicester ម្តងទៀត បន្ទាប់ពីបានយកឈ្នះពួកគេ ក្នុងការស៊ុតបាល់ប៉េណាល់ទី នៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ League Cup កាលពីសប្តាហ៍មុន។ Leicester បានចាញ់ ៦-៣ លើក្រុមកំពូលតារាង Manchester City កាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា Liverpool កំពុងឈរនៅលំដាប់ទី២ ក្នុងតារាង ដោយនៅសល់ ១ប្រកួតទៀត មាន៦ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Manchester City ខណៈ Leicester កំពុងឈរនៅលំដាប់លេខ១០៕