(អាមេរិក)៖ មូលនិធិការពារហានិភ័យរបស់អាមេរិក Starboard Value LP បានទិញភាគហ៊ុន ៦,៥ភាគរយ របស់ក្រុមហ៊ុនសេវាកម្មគេហទំព័រ GoDaddy Inc ដោយគិតជាទឹកប្រាក់មានតម្លៃប្រហែល ៨០០លានដុល្លារ នេះបើយោងតាមឯកសាររបស់និយតកម្មគណៈកម្មការមូលបត្រអាមេរិក (SEC)។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងមួយនេះគឺត្រូវបាន ធ្វើឡើងក្នុងគោលបំណងពង្រីកអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ «ការទិញយកភាគហ៊ុននេះគឺវាជាឱកាសនៃការវិនិយោគមួយដ៏គួរឱ្យទាក់ទាក់ ហើយយើងនឹងជំរុញអាជីវកម្ម GoDaddy ឱ្យមាន ប្រតិបត្តិការកាន់តែប្រសើរឡើង»។ នេះជាការបញ្ជាក់របស់ Starboard Value។
យោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ អាជីវកម្មរបស់ GoDaddy ហាក់មានសន្ទុះខ្លាំង ដោយសារតែជំងឺរីករាលដាលកូវីដ១៩ ដែលនាំឱ្យអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបង្កើតលទ្ធភាពអាជីវកម្មរបស់ ខ្លួននៅលើប្រព័ន្ធអនឡាញវិញ ដូច្នេះហើយបានជាតម្រូវការ Hosting និង Domain Name របស់ GoDaddy ទទួលបាន ការ គាំទ្រច្រើន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GoDaddy ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៧ ដោយគិតត្រឹមឆ្នាំ ២០២០ មានអតិថិជន នៅជុំវិញ ពិភពលោកប្រមាណជាង ២០លាននាក់ , មានបុគ្គលិកជាង ៧០០០នាក់ និងមានប្រាក់ចំណូលជាង ៣,៣ពាន់លានដុល្លារអាមេរិក៕