(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលមន្ដ្រីអាជ្ញាកណ្ដាលកម្រិត១ ឆ្នាំ២០២១ របស់សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

លោក លន់ សាមឌី អនុប្រធានសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមន្ដ្រីអាជ្ញាកណ្ដាលនេះ បានសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ដោយសហព័ន្ធបានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់សិក្ខាកាម ជុំវិញបទបង្ហាញរបស់គ្រូឧទ្ទេស ដែលនាំឲ្យការសិក្សាទទួលបានផ្លៃផ្កាយ៉ាងល្អប្រសើរ។

លោកបន្ដថា អាជ្ញាកណ្ដាល ក៏ជាផ្នែកមួយនៃផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលត្រូវពង្រឹង និងអភិវឌ្ឍន៍ដែរ។ តាមរយៈនេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ក្រោយបញ្ចប់វគ្គនេះ ត្រូវបន្ដសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឈានទៅអាជ្ញាកណ្ដាលកម្រិតខ្ពស់ ដែលអាចចូលរួមកាត់សេចក្ដីក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបាន។

ទន្ទឹមជាមួយគ្នាលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានកោតសរសើរសហព័ន្ធកីឡាបាល់ឱប ដែលបានខិតខំបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសជារៀងរាល់ឆ្នាំ ឆ្លើយតបទៅនឹងការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយលោករំពឹងថា សហព័ន្ធ ក៏ដូចជាអាជ្ញាកណ្ដាល និងគ្រប់ភាគីពាក់ព័ន្ធ នឹងបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីភាពរីកចម្រើន និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ឱបកម្រិត១ ខាងលើមានសិក្ខាកាម ២៥នាក់ មកពី ៩សមាគម/ក្លិប រួមទាំងមន្ដ្រីសហព័ន្ធ។ ជាលទ្ធផលនៃការសិក្សា ត្រូវបានវាយតម្លៃមានសិក្ខាកាមទទួលបានិទ្ទេសល្អ ៥០% និទ្ទេសល្អបង្គួរ ៣០% និងនិទ្ទេសមធ្យម ២០%៕