(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ លោក Steven Gerrard នឹងអវត្តមានដឹកនាំក្លិប Aston Villa ២ប្រកួតក្នុងលីគ ក្រោយតេស្តវិជ្ជមាននៃជំងឺកូវីដ-១៩ ក្នុងសប្តាហ៍នេះ។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសខាងលើ នឹងខកខានឈរបញ្ជាកូនក្រុមលើទីលាននៅពេល Aston Villa ប៉ះក្រុមភ្ញៀវតោខៀវ Chelsea នាកីឡដ្ឋាន Villa Park នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ មុនពេលធ្វើដំណើរទៅប៉ះ Leeds United នារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ សុទ្ធតែប្រកួតនៅ Premier League ទាំងអស់ នៅពេលបានឆ្លងជំងឺកូវីដ-១៩ ជាលើកទី២ ក្នុងរដូវកាលនេះ។

បុរសវ័យ ៤១ឆ្នាំ Gerrard បានបង្ខំចិត្តនៅដាច់ដោយឡែកពីគេកាលពីដើមឆ្នាំនេះ នៅពេលឆ្លងជំងឺតាមផ្លូវដង្ហើមខាងលើ ចំពេលដឹកនាំក្លិប Rangers ដែលលេងក្នុងលីគកំពូលរបស់ស្កុតឡេន ដែលខកខានដឹកនាំប្រកួតទល់នឹងក្រុម Alashkert និង Celtic ផងដែរ។

លើសពីនេះទៀត Villa ក៏បានបង្ខំចិត្តពន្យារការប្រកួតក្នុងលីគទល់នឹង Burnley កាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ ក្រោយពេលផ្ទុះឡើងនៃមេរោគកូវីដ-១៩ ដ្បិត ៣ប្រកួតនៅរាត្រីថ្ងៃសៅរ៍ម្សិលមិញនេះ ក៏បានប្រកាសពន្យារពេលប្រកួតរួចរាល់ហើយដែរ៕