(ភ្នំពេញ)៖ សហព័ន្ធកីឡាហុកគីកម្ពុជា បានរៀបចំការប្រកួតធ្វើតេស្ដសមត្ថភាពក្រុមកីឡាការិនីជម្រើសជាតិរយៈពេល ២ថ្ងៃនៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២១ នេះក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីជ្រើសរើសកីឡាការិនីមានសិទ្ធផលខ្ពស់ សម្រាប់ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ នាឆ្នាំ២០២២ ខាងមុខ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការធ្វើតេស្ដនេះរៀបចំរៀងរាល់ឆ្នាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសរបស់កីឡាហុកគី តាមរយៈការប្រកួតរវាងក្រុមកីឡាការិនីជម្រើសជាតិ និងកីឡាការិនីមួយចំនួន ដែលសហព័ន្ធបានជ្រើសរើសមកពីបណ្ដាក្លិប ជាក់ស្ដែងឆ្នាំនេះមានកីឡាការិនី ១៥នាក់បានចូលរួម។
លោកបន្ដថា «ការប្រកួតធ្វើតេស្ដនេះ គឺដើម្បីប្រកួតប្រជែងគ្នា និងសម្រិតសម្រាំងរកកីឡាការិនី ដែលមានសិទ្ធផលល្អ សហព័ន្ធនឹងបន្ដរក្សាទុក សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ ឆ្នាំ២០២២ ហើយកីឡាការិនីណាដែលមានសិទ្ធផលធ្លាក់ចុះ សហព័ន្ធនឹងធ្វើការផ្លាស់ប្ដូរទៅតាមនិយាមបច្ចេកទេសរបស់កីឡាហុកគី»។
យ៉ាងណាក្ដី ចំពោះកីឡាការិនី ដែលមិនបានជាប់ឈ្មោះប្រមូលផ្ដុំជម្រើសជាតិនាឆ្នាំក្រោយ សហព័ន្ធបានលើកទឹកចិត្ត កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងគុណផលរបស់ខ្លួនសម្រាប់ចូលរួមធ្វើតេស្ដ និងប្រកួតប្រជែងនាឆ្នាំក្រោយៗទៀត។ លោក កាំង សុធា បន្ថែម។
អគ្គលេខាធិការសហព័ន្ធខាងលើបញ្ជាក់ថា កីឡាហុកគីមានទាំងផ្នែកបុរស និងនារី តែក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់គោលការណ៍ប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិតែក្រុមនារីប៉ុណ្ណោះ ក្នុងនោះគឺមានកីឡាការិនី ១១នាក់ និងគ្រូ ២នាក់។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិ CAMSOC ក៏បានផ្ដល់គ្រូបង្វឹកបរទេសកម្រិតខ្ពស់ម្នាក់ ដើម្បីជំរុញការហ្វឹកហាត់ឲ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕