(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដំបូងគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អ លំដាប់ពិភពលោក (World Class Operation Management) ពីស្ថាប័នដ៏ល្បីនៅសហគមន៍អឺរ៉ុប EFESO Consulting។

EFESO Consulting ប្រគល់ពានរង្វាន់ដល់ ខ្មែរ ប៊ែវើរីជីស ដោយសារ ខ្មែរ ប៊ែវើរីជីស ផលិតស្រាបៀរ ភេសជ្ជៈ និងប្រតិបត្តការអាជីវកម្មទូទៅ ដោយផ្តោតលើសសរ ស្ដម្ភ ៨ធំៗរួមមាន៖ សុខភាព សុវត្ថិភាព និងបរិស្ថាន, កំណែប្រែឲ្យកាន់តែប្រសើរ, ការគ្រប់គ្រងស្វ័យប្រវត្តិ, ផែនការតម្ហែទាំ, ផែនការគ្រប់គ្រងគុណភាព, ការអភិវឌ្ឍបុគ្គលិក, ការកែលម្អឃ្លាំង និងផែនការបំពេញតម្រូវការ។

គោលការណ៍ចម្បងៗទាំងនេះ មិនត្រឹមតែផ្តោតលើការផលិតផលិតផលមានគុណភាពខ្ពស់ប៉ុណ្ណោះ ប៉ុន្តែជួយសំន្សំសំចៃធនធានធម្មជាតិ បណ្តុះធនធានមនុស្ស និងនាំយកមកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមលើកកម្ពស់បុគ្គលិក ក្រុមហ៊ុន និងសង្គមឲ្យកាន់តែប្រសើរ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ការទទួលបានពានរង្វាន់ពិភពលោកនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្ត របស់ក្រុមការងារ និងថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការសហការគ្នាឆ្ពោះទៅសម្រេចការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព»

លោកបណ្ឌិត Zvonimir NEMET នាយកផ្នែកបច្ចេកទេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែងថា «យើងនឹងបន្តប្តេជ្ញា និងប្រើប្រាស់ឲ្យអស់ថាមពល ក្នុងការធ្វើប្រតិបត្តិអាជីវកម្ម របស់យើងឲ្យកាន់តែប្រសើរជានិច្ច ដើម្បីឆ្ពោះទៅដល់ដំណាក់កាលដ៏ល្អប្រសើរមួយកម្រិតទៀត»

ក្រុមហ៊ុន EFESO Consulting ដែលមានឯកទេសខាងកែលម្អ ការអនុវត្តផែនការយុទ្ធសាស្ត្រជាង៤០ឆ្នាំមកហើយ បានចូលរួមជួយកែលម្អដល់រោងចក្រ ឧស្សាហកម្មជាច្រើន ធ្វើយ៉ាងណាឲ្យប្រតិបត្តិការអាជីវកម្មទាំងនោះចូលរួមការពារបរិស្ថាន សង្គម និងលើកកម្ពស់ធនធានមនុស្ស៕