(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានសម្រេចបំណងគ្រងជើងឯកការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 លើវិញ្ញាសា Pro Am Ski Modified ហើយ ក្រោយឆ្លងកាត់ការប្រកួត ៤ជុំដ៏ស្វិតស្វាញនៅប្រទេសថៃ ដែលទើបបញ្ចប់នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះបានបញ្ជាក់ថា ការប្រកួតនេះបែងចែកជា ៤ជុំ ដោយចាប់ផ្ដើមតាំងពីចុងខែតុលាមកម្ល៉េះ។ សម្រាប់លទ្ធផលនៃការប្រកួតជុំនីមួយៗ អ៊ូមើត ទទួលបានលេខ១ នៅជុំទី១, លេខ៣ នៅជុំទី២ (ម៉ូតូទឹកខូច), លេខ១ នៅជុំទី៣ និងលេខ១ នៅជុំទី៤។ សរុបលទ្ធផលទាំង ៤ជុំ កីឡាករឆ្នើមកម្ពុជារូបនេះទទួលបានជយលាភីលេខ១ ប្រចាំព្រឹត្តិការណ៍។
សាលី អ៊ូមើត រីករាយជាខ្លាំង ក្រោយដណ្ដើមបានជយលាភីថ្មីមួយទៀតជូនជាតិ ទោះបីការប្រកួតកម្រិតទ្វីបនេះ មិនសូវពិបាកក្នុងប្រកួតប្រជែងក៏ដោយ។ យ៉ាងណាមិញ អ៊ូមើត និងកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុផ្សេងៗទៀតបានប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតកម្រិតពិភពលោក Jet Ski World Series នាដើមឆ្នាំក្រោយ ក៏ដូចជាត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
គួរដឹងថា ការប្រកួតម៉ូតូទឹកពានរង្វាន់ Jet Ski Pro Tour 2021 មានអត្តពលិក ៥ប្រទេសចូលរួម គឺមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុងនោះក៏មានកីឡាករកម្ពុជា ៥រូបដែរ។ ចំពោះលទ្ធផល កីឡាករ ម៉ីន មូស្ដាន ប្រកួតវិញ្ញាសា Pro Am Ski Modified ជាមួយ សាលី អ៊ូមើត គឺទទួលបានលេខ៣។ រីឯកីឡាករ កៃ វ៉ាន់ស៊ីដែន និង សាលី ហ្វីលីន ទទួលបានលេខ៥ ដូចគ្នា លើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ ខណៈកីឡាករ មីន អូស្មាន ទទួលបានលេខ៦៕