(ម៉ូស្ដូ)៖ ក្រុមហ៊ុន Meta Platforms (Facebook) ត្រូវបានគេរាយការណ៍មកថា បានបង់ប្រាក់ផាកពិន័យ 17លានរូប្លែ (ប្រហែល ២២៩,៦៤៣ដុល្លារអាមេរិក) ជូនរដ្ឋាភិបាលរុស្ស៊ី ពាក់ព័ន្ធនឹងការខកខានមិនព្រមលុបមាតិកាខុសច្បាប់ ដោយក្នុងនោះ ក្រុមហ៊ុន Twitter និង TikTok ក៏ទទួលរងពិន័យដូចគ្នា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Facebook រួមជាមួយនឹង Google ប្រឈមមុខនឹងការកាត់ក្តីពីសំណាក់តុលាការរុស្ស៊ីនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធករណីសង្ស័យថាបានបំពានច្បាប់រុស្ស៊ីម្តងហើយម្តងទៀត និងអាចត្រូវបានពិន័យជាភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំនៅក្នុងប្រទេសរុស្ស៊ី។
រដ្ឋាភិបាលក្រុងមូស្គូបានបង្កើនសម្ពាធមកលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅឆ្នាំនេះ ជាពិសេសគឺក្រុមហ៊ុន Big Tech របស់អាមេរិក ក្នុងយុទ្ធនាការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើអ៊ីនធឺណិត ដែលជាអ្វីដែលពួកគេនិយាយថាគំរាមកំហែងដល់ការរារាំងសេរីភាពបុគ្គល និងសាជីវកម្ម។
កាលពីសប្ដាហ៍មុននេះ ប្រទេសរុស្ស៊ីបានពិន័យ Twitter , Meta Platforms (Facebook) និង TikTok ចំពោះការខកខានក្នុងការលុបមាតិកាដែលរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ ហើយនេះក៏ជាការពិន័យចុងក្រោយបង្អស់លើក្រុមហ៊ុនបច្ចេកវិទ្យាបរទេស។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យម្សិលមិញនេះ សារព័ត៌មានរុស្ស៊ី Interfax បានផ្សាយថាកម្មវិធី Telegram ក៏បានបង់ប្រាក់ពិន័យចំនួន ១៥លានរូប្លិ៍ផងដែរ៕