(បាសេឡូណា)៖ Sergio Aguero បានបញ្ចប់ភាពត្រាំត្រែងហ្វឹកហាត់ជាមួយនឹងបញ្ហាសុខភាព ដើម្បីក្លាយជានិម្មិតរូបក្នុងក្លិបមេឃខៀវ Manchester City នៅពេលប្រកាសចូលនិវត្តន៍ទាំងបង្ខំនារាត្រីថ្ងៃពុធនោះ។
Aguero សញ្ជាតិអាហ្សង់ទីន បានថ្លែងលាបាល់ទាត់ក្នុងនាមជាកីឡាករអាជីពទាំងទឹកភ្នែក ដ្បិតរូបគេទើបតែមានវ័យ ៣៣ឆ្នាំប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកថា ជាស្តេចបាល់ទាត់ ប្រកបដោយវេទមន្ត និងពោរពេញដោយលកល្បិចនៅលើទីលានផងដែរ។
Aguero បានទៅចូលរួមជាមួយក្លិបអេស្ប៉ាញ FC Barcelona ទើបតែបាន ២-៣ខែប៉ុណ្ណោះ មុនពេលប្រកាសចូលនិវត្តន៍នេះ ពោលគឺក្រោយចប់កិច្ចសន្យាទឹកដី Etihad Stadium ក្នុងរយៈពេល ១០ឆ្នាំគត់ ជាមួយនឹងការរកបានគ្រាប់បាល់ ២៦០គ្រាប់ និងវីសតែឈ្នះពានអឺរ៉ុប UEFA Champions League លើកដំបូងកាលឆ្នាំ២០២១ ពេល City ចាញ់តោខៀវ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
អតីតខ្សែប្រយុទ្ធដ៏មុតស្រួចពាក់លេខ១០ នៅក្លិប City ខាងលើនេះធ្លាប់ឈ្នះពាន Premier League ៥ដង រួមទាំងពាន FA Cup ម្តង និងពាន League Cup បាន ៦ដងផងដែរកាលលេងនៅអង់គ្លេស មុនពេលជួបបញ្ហាបេះដូងដែលមិនអាចបន្តអាជីពបាន នៅពេលប្រកួតនៅអេស្ប៉ាញមានបញ្ហាចុកដើមទ្រូង ដល់ថ្នាក់ប្តូរចេញនោះ៕