(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានរំកិលទៅឈរនៅតំបន់ Top-4 វិញក្នុង Premier League នៅពេលយកឈ្នះគូប្រជែងញញួរធំ West Ham United ដែលនៅសល់សមាជិកតែ ១០នាក់ក្នុងលទ្ធផល ២-០ នារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Gabriel Martinelli ជាអ្នករកបានគ្រាប់ទី១ ឲ្យ Arsenal ក្នុងកីឡដ្ឋាន Emirates នៅមុនពេល Emile Smith Rowe ដែលត្រូវបានប្តូរចូលបន្ថែមគ្រាប់ទី២ នៅចុងម៉ោង ដ្បិតកីឡាករ Vladimir Coufal របស់ក្រុមភ្ញៀវ West Ham ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ក្រោយការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ ប្រធានក្រុម Alexandre Lacazette ក៏បានខកខានឱកាសមាសក្នុងការទាត់បាល់ ១១ម៉ែត្រ នៅពេលកីឡាករចាំទីសញ្ជាតិប៉ូឡូញ Fabianski ជួយសង្រ្គោះបានក្នុងវគ្គទី២ គ្រាដែល Coufal ទទួលបានកាតលឿងដំបូងតាំងពីវគ្គទី១ ពីការបង្កកំហុសទៅលើខ្សែការពារ Kieran Tierney របស់ក្រុមកាំភ្លើងធំ។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Mikel Arteta ឡើងទៅឈរនៅលេខ៤ ក្នុងតារាងពិន្ទុ Premier League ជាបណ្តោះអាសន្នវិញជាមួយនឹង ២៩ពិន្ទុគិតត្រឹម ១៧សប្តាហ៍ជើងទី១ នេះនាំមុខក្រុមលេខ៥ West Ham ១ពិន្ទុ និងចាញ់ពិន្ទុក្រុមកំពូលតារាង Manchester City ចំនួន ១២ពិន្ទុ៕