(ភ្នំពេញ)៖ តារាសម្តែងស្រីរូបសម្រស់ស្រស់សោភា មុខមានមន្តស្នេហ៍ កញ្ញា ហ៉ិន ចន្ទនីរ័ត្ន កំពុងមានរាសីឡើងខ្ពស់ត្រដែតតែម្តង បន្ទាប់ពីត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែង និងក្តោបក្តាប់បានតំណែងជា តួឯកស្រី ក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតតស៊ូពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កញ្ញា ហ៊ិន ច័ន្ននីរ័ត្ន បានឲ្យដឹងថា រូបនាងពិតជាមានក្ដីរំភើប និងមានកិត្តិយសមែនទែន ដែលបានចូលរួមសម្តែងរឿងពិតរបស់ថ្នាក់ដឹកនាំ គឺ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលក្នុងរឿងនេះ នាងបានសម្តែងជាតួអង្គឈ្មោះ «ម៉ារ៉ានី» ពោលគឺជាតួអង្គសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែម្ដង។

ស្រីស្រស់ ហ៉ិន ច័ន្ទនីរ័ត្ន បានបន្តថា «នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកបានផ្តល់ឱកាស និងជ្រើសរើសរូបនាងខ្ញុំ ជាតួសម្តែងមួយ នៅក្នុងសាច់រឿងពិត អំពីប្រវត្តិរបស់លោកទាំងពីរ។ នាងខ្ញុំពិតជាសប្បាយរីករាយមែនទែន និងសូមឲ្យពុកម៉ែបងប្អូនរង់ចាំទស្សនាទាំងអស់គ្នា ព្រោះតាមដែលនាងខ្ញុំដឹង គឺមានប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងរង់ចាំទស្សនាសាច់រឿង ដែលនាងខ្ញុំសម្តែង ក៏ដូចជាបង្ហាញជូន...»

តារាសម្ដែង និងជាពិធីការិនីសម្បូរវោហាស័ព្ទរូបនេះ បន្ថែមថា តាមរយៈសាច់រឿងទាំងមូល គឺមានឈុតឆាកពិបាកៗច្រើន ព្រោះជារឿងប្រវត្តិសាស្ត្រ ហើយក៏ត្រូវចុះទៅថតដល់ទីតាំងផ្ទាល់ៗផងដែរ ដើម្បីបង្ហាញពីទៅកន្លែងនៃសាច់រឿង ដែលបានកើតឡើងពិតៗ។ ជាពិសេសការតុបតែងខ្លួន ក៏មិនដូចទៅនឹងភាពយន្តសម័យបច្ចុប្បន្ននេះឡើយ។ នីរ័ត្ន និយាយថា ទោះបីជាមានការលំបាកយ៉ាងណាក្ដី ប៉ុន្តែនាងនឹងតស៊ូថតភាពយន្តនេះឲ្យបានល្អ តាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន និងជាឱកាសនៅក្នុងការបញ្ចេញស្នាដៃ បន្ទាប់ពីខកខានអស់រយៈពេលជាង២ឆ្នាំមកហើយ។

កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានសង្កត់ធ្ងន់ថា «នាងខ្ញុំប្តេជ្ញាថា ត្រូវតែសម្តែងឲ្យបានល្អបំផុត ពោលគឺតួកំសត់ត្រូវតែកំសត់ តួរត់ត្រូវតែរត់ ហើយខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងពេញចិត្តសមិទ្ធផលសម្តែងថ្មីរបស់ខ្ញុំ តាមរយៈរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

កញ្ញា ហ៉ិន ច័ន្ធនីរ័ត្ន គឺជាតារាសម្តែង និងជាពិធីការិនី អាជីពមួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ បោះសំឡេងផងដែរ។ កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេងមួយ ដែលនាងត្រូវបានជ្រើសរើសឲ្យសម្តែងជាតួឯកស្រី ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតតស៊ូពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីក្រុងពាលី បើកដំណើរការផលិតឡើង នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ។

គួរជម្រាបថា ក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រនៃការតស៊ូរបស់សម្តេច តេជោ ហ៊ុន សែន ចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺមានកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ជាតួឯកស្រី ខណៈតួឯកប្រុស គឺសម្តែងដោយ លោក ប៉ាន់ ខែមម៉ានូ។ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសម្ដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសម្ដែងក្នុងឈុតឆាកធំៗដូចជាឈុតឆាក នៃការប្រយុទ្ធ ការធ្វើបាតុកម្ម និងឈុតឆាកការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម៕