(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានអំពាវនាវឲ្យវិស័យឯកជន បន្ដចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡា ខណៈកីឡាករ-កីឡាការិនី ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោយដំណើរការប្រកួត ១ថ្ងៃពេញ កាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំសម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយរាជរដ្ឋាភិបាលចាត់ទុកថា ការងារអប់រំកាយ និងកីឡា ជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៌សង្គមពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»

ដើម្បីជំរុញឲ្យវិស័យកីឡារាំកម្ពុជាកាន់តែរីកចម្រើនទទួលបានជោគជ័យថ្មីៗថែមទៀត លោកមបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាពលរដ្ឋ អាចយកកូនមកចូលហាត់រៀនកីឡារាំបន្ថែម ដើម្បីសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងចូលរួមបន្តឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី គប្បីត្រូវខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ និងធ្វើឲ្យអន្តរជាតិបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី ៦ក្លិប ប្រកួតលើវិញ្ញាសារាំអន្តរជាតិចំនួន ២៣ ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើម និងធនធានបន្ដវេន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣៕