(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាបាល់ទាត់ វីអាយអិនឌី សន្តិភាព នៅក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីបានដំណើរការប្រកួត អស់រយៈពេល ៥ថ្ងៃ។
ស្ថិតក្នុងពិធីសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ លោកអភិបាលខេត្ត បានថ្លែងថា ការរៀបចំប្រកួតកីឡាបាល់ទាត់បែបមិត្តភាព សន្តិភាពគឺសំដៅស្វែងរក ក្រុម ឬកីឡាករ បើអាចលេងកីឡាបានល្អ ដើម្បីជ្រើសរើសយកទៅប្រកួត ក្នុងកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង នឹងក្លាយជាម្ចាស់ផ្ទះ នៅការរៀបចំប្រកួតកីឡាអូឡាំពិក នាឆ្នាំ ២០២៣ ខាងមុខនេះ។ ដូច្នេះហើយដើម្បីជាការត្រៀមលក្ខណៈប្រកួត យើងត្រូវស្វែងរក ក្រុមកីឡាករគ្រប់ប្រភេទដែលជាយុវជន ដែលមានទេពកោសល្យ និងសមត្ថភាព ដែលអាចលេងបានល្អ។
លោកអភិបាលខេត្ត បានបន្តថា ការប្រកួតកីឡាបាល់ទាត់ វីអាយអិនឌី សន្តិភាព ឆ្នាំ២០២១នេះ មានកីឡាករ មកពីបណ្ដាលខេត្តផ្សេងៗ ចំនួន១៦ក្រុម ហើយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមកីឡាករនីមួយៗ រយៈពេល៥ ថ្ងៃមកនេះ ជាលទ្ធផលក្រុមដែលបានជ័យលាភីលេខ១ ធ្លាក់ទៅលើ ក្រុមកីឡាអធិរាជ-ស កំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានទទួលប្រាក់ឧបត្ថម្ភ ចំនួន ២០លានរៀល, លេខ២ បានទៅលើក្រុមព្រាប-ស ពាមជីលាំង ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បានទទួលប្រាក់ឧបត្ថម្ភចំនួន១២ លានរៀល និងចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ចាម បានទទួលប្រាក់ឧបត្ថម្ភចំនួន ៦លានរៀល ចំណែកចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមពពកខៀវ ភូមិសោយ ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ២លានរៀលផងដែរ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមឱ្យមានការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឈានទៅ ចូលរួមកម្មវិធីប្រកួតកីឡាផ្សេងៗ នាពេលខាងមុខទៀត។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា សម្រាប់ការរៀបចំ ការប្រកួតកីឡាបាល់ទាត់នាពេលនេះ គឺរៀបចំឡើងដោយគណៈកម្មការខេត្ត សហការជាមួយ ក្រុមហ៊ុនអភិវឌ្ឍន វីអាយអិនឌី ក្នុងគោលបំណងចូលរួមអបអរសាទរ នៃការរំលឹកខួបលើកទី៤៣ ឆ្នាំ២០២២ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ម្យ៉ាងទៀតគឺ បង្ករលក្ខណៈ ឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសដែលប្រទេសកម្ពុជា បានធូរស្រាលពីជំងឺកូវីដ១៩៕