(ភ្នំពេញ)៖ លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈកម្មការប្រកួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាន នៅឆ្នេរសុខា ខេត្តព្រះសីហនុ ជាផ្លូវការ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូម្សិលមិញ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមទាំង ២ប្រទេស។

អ្នកជំនាញសិង្ហបុរី ដែលមានបទពិសោធន៍រៀបចំការប្រកួតកម្រិតពិភពលោកខាងលើ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍ខាងលើ ដោយលោកអះអាងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ក្នុងការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ដើម្បីឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩»។

យ៉ាងណាក្ដី លោកក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការប្រកួតនេះ ក៏ព្រោះកូវីដ-១៩ ធ្វើឲ្យប្រទេសជាច្រើន ត្រូវខកខានមកចូលរួម។ លោកបន្ដថា «ការប្រកួតមួយនេះ មានប្រទេសរហូតដល់ជាង ១០ប្រទេស ដែលត្រៀមចូលរួម តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នាទីចុងក្រោយ ត្រូវបានខកខាន បន្ទាប់ពីការលុបចោលជើងហោះហើរមកកម្ពុជា ។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ការប្រកួតលើកក្រោយ នឹងបានចូលរួមការប្រកួតទាំងអស់គ្នា»

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រី ថោង ខុន បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣ប្រទេស ដែលបានចូលរួមការប្រកួតផ្ទាល់ នៅខេត្តព្រះសីហនុ ពិសេសលោកបានថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែលគាំទ្រ និងអនុញ្ញាតឲ្យរៀបចំការប្រកួតនេះឡើង ដើម្បីជាការធ្វើតេស្ដទីលានផង និងជាការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ផង។

លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃព្រឹត្តិការណ៍អន្ដរជាតិនេះ បានឲ្យដឹងថា ឆ្លងកាត់កិច្ចប្រជុំមុនការប្រកួត ជំនាញការបរទេស ដែលមានបទពិសោធន៍រៀបចំការប្រកួតអន្ដរជាតិធំៗខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្ថានភាពទីលាន នៃឆ្នេរសមុទ្រកម្ពុជា ដែលមានលក្ខណៈស្ដង់ដារអន្ដរជាតិ ទាំងនៅលើលំហរសមុទ្រ ក៏ដូចជាកន្លែងទទួលប្រតិភូ និងអត្តពលិក គឺមានលក្ខណៈសមស្រប ដើម្បីរៀបចំការប្រកួតអន្ដរជាតិនានា រួមទាំងស៊ីហ្គេមនៅកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះ មានកីឡាករ-កីឡាការិនី ២៧នាក់ មកពី ៣ប្រទេសចូលរួម គឺមានកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវប្រកួតលើ ៥វិញ្ញាសា ចាប់ផ្ដើមពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១។ ការប្រកួតនេះ សហការរៀបចំដោយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC៕