(បរទេស)៖ ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា (PMO) បានប្រកាសឱ្យដឹងថា គណនី Twitter ផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ត្រូវបាន «រំលោភបំពានក្នុងរយ:ពេលដ៏ខ្លីមួយ ឬមានន័យថាត្រូវបានគេ (Hacker) កាន់កាប់» ប៉ុន្តែមិនមានអ្វីប៉ះពាល់ នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
PMO បាននិយាយថា នៅក្នុងអំឡុងពេលដែលជនអនាមិកកាន់កាប់គណនី Twitter ផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi គឺមិនមានសារណាមួយត្រូវបានបង្ហោះឡើយ ហើយក៏មិនមានសកម្មភាពណាខុសប្រក្រតីដែរ ខណ:ដែលគណនីនេះត្រូវបានយកមកគ្រប់គ្រង់វិញបានភ្លាមៗផងដែរ។
អ្នកនាំពាក្យរបស់ Twitter បានថ្លែងប្រាប់សារព័ត៌មាន Reuters តាមរយ:អ៊ីម៉េលថា តាមរយ:ការស៊ើបអង្កេតមួយបានបង្ហាញ ថា មិនមានសញ្ញាដែលបញ្ជាក់ថាគណនីរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ទទួលរងផលប៉ះពាល់នោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ក៏ធ្លាប់មានករណីស្រដៀងគ្នានេះម្ដងដែរ ដោយជនអនាមិកបានប្រើប្រាស់គណនីរបស់លោក Modi ក្នុងការអំពាវនាវឱ្យមានការបរិច្ចាកទៅកាន់មូលនិធិសង្គ្រោះមួយតាមរយ:រូបិយប័ណ្ណគ្រីបតូ៕