(បាសេឡូណា)៖ FC Barcelona ដែលដឹកនាំដោយអតីតកីឡាករនិម្មិតរូបរបស់ខ្លួន Xavi Hernandes បានរបូតគ្រាប់បាល់នៅនាទី៨៦ ដែលហេតុបញ្ចប់លទ្ធផលស្មើគ្នា ២-២ ទល់នឹងម្ចាស់ផ្ទះ Osasuna នាយប់មិញនេះក្នុងលីគកំពូលអេស្ប៉ាញ La Liga។

តាមរយៈលទ្ធផលស្មើនេះដែរ មានន័យថា ក្រុមរបស់លោក Xavi បន្តឈរនៅលេខរៀងទី៨ ជាបណ្តោះអាសន្នដដែល ដាច់ ១៨ពិន្ទុពីក្រុមកំពូលតារាង Real Madrid នៅពេលពួកគេយកឈ្នះ Atletico Madrid ២-០ យប់មិញផងដែរ។

កីឡាករយុវជនទាំង ២រូបរួមមាន Nicolas Gonzalez និង Abdessamad Ezzalzouli រកបានម្នាក់ ១គ្រាប់ឲ្យក្រុមអ្នកមានបុណ្យ ដ្បិតពួកគេមានវ័យទើបតែ ១៩ឆ្នាំដូចគ្នា នៅពេល David Garcia និង Ezequiel Avila ក៏រកបាន ២គ្រាប់ផងដែរឲ្យម្ចាស់ផ្ទះ Osasuna ដើម្បីសង្រ្គោះពិន្ទុមកវិញទៀតផង។

ក្នុងរដូវកាលនេះ FC Barcelona ទើបតែធ្វើបាន Clean sheet ៣លើកប៉ុណ្ណោះ (គេស៊ុតអត់ចូល) និងរបូតច្រើនគ្រាប់ផងដែរ ពេលចាញ់ Real Betis និង Bayern Munich ទាំងក្នុងលីគ La Liga និង UEFA Champions League៕