(ភ្នំពេញ)៖ ក្រុមហ៊ុនប៊ុកឃីអន (bookeyond) ដែលជាអេបសង្ខេបសៀវភៅជាភាសាខ្មែរដំបូងគេនៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ឧកញ៉ា ជា តុងហ៊ួរ ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា និងមានអាជីវកម្មជាច្រើននៅក្នុងដៃ ដើម្បីដាក់បញ្ចូលសៀវភៅផែនទីផ្នត់គំនិត (Mind Map) ទៅក្នុងអេបរបស់ក្រុមហ៊ុន។

"ផែនទីផ្នត់គំនិត (Mind Map)" ជាសៀវភៅមួយដែលលើកឡើងពីបទពិសោធរកស៊ីរបស់ ឧកញ៉ា ជា តុងហ៊ួរ រាប់ចាប់តាំងពីការធ្លាក់ដល់បាតរហូតដល់លោកទទួលបានជោគជ័យ និងមានសមិទ្ធិផលជាស្នាដៃរបស់ខ្លួនគួរឱ្យសរសើរដូចពេលបច្ចុប្បន្ន។

សៀវភៅមួយក្បាលនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនចំពោះអ្នកអានដូចជា ការលើកកម្លាំងចិត្តការតស៊ូអត់ធ្មត់ក្នុងជីវិត ការវិភាគលើចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ការសេពគប់មនុស្ស ចំណេះដឹងអចលនទ្រព្យ វិធីសាស្រ្តប្រែក្លាយខ្លួនពីមនុស្សបរាជ័យទៅជាមនុស្សជោគជ័យ។ល។ និង។ល។ ហើយអ្វីដែលពិសេសបំផុតនោះ គឺអ្នកអាននឹងចេះបង្កើតផែនទីផ្នត់គំនិត ដើម្បីចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យក្លាយជាមនុស្សជោគជ័យប្រកបដោយគុណតម្លៃម្នាក់។

ចាប់ពីពេលនេះតទៅ សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” មានដាក់លក់នៅក្នុងអេប bookeyond ហើយ ដែលទាំងមានជាអត្ថបទ និងសំឡេង។

នៅក្នុងកម្មវិធីកិច្ចសហការនេះផងដែរ ឧកញ៉ា ជា តុងហ៊ួរ បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងផ្តល់ផ្លែផ្កាដល់ភាគីទាំងពីរ និងសាធារណជនផងដែរ។

លោកបានបន្ថែមថា សៀវភៅ “ផែនទីផ្នត់គំនិត (Mind Map)” គឺជាស្នាដៃប្រសូត្រចេញពីបទពិសោធរបស់លោកជាច្រើនឆ្នាំ ដែលបានប្រឡូកនៅក្នុងជីវិតជាអ្នករកស៊ី ហើយបានឆ្លងកាត់មេរៀនជូរចត់យ៉ាងសន្ធឹកសន្ធាប់។ អ្នកដែលទិញសៀវភៅនេះ យកទៅអានដោយយកចិត្តទុកដាក់ ព្រមទាំងអនុវត្តតាមគោលការណ៍ និងទ្រឹស្តីដែលមាននៅក្នុងសៀវភៅនេះ ប្រាកដជាក្លាយខ្លួនទៅជាមនុស្សថ្មីម្នាក់ប្រកបដោយគុណតម្លៃ ការរីកចម្រើន និងជោគជ័យ។

លោក រឺន សីហា ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុន bookeyond បានលើកឡើងថា កិច្ចសហការនេះគឺជាដំណើរឆ្ពោះទៅមុខមួយជំហានទៀតសម្រាប់ក្រុមហ៊ុន bookeyond ក្នុងការរួមចំណែកពង្រីកសក្កានុពលវិស័យអប់រំ និងអាជីវកម្មនៅកម្ពុជា។

ក្រុមហ៊ុនប៊ុកឃីអន (bookeyond) បានចាប់កំណើតឡើងនៅឆ្នាំ២០១៩ ហើយមកទល់នឹងពេលនេះមានសៀវភៅសង្ខេបនៅក្នុងអេបជាង ៣០០ ក្បាលហើយសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។ ទាញយក App bookeyond៖ http://onelink.to/4a8jw5 ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផេកហ្វេសប៊ុករបស់ bookeyond ឬតេឡេក្រាម៖ Http://t.me/bookeyondsupport