(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅព្រឹកថ្ងៃអាទិត្យនេះ បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងប្រកួត និងសួរសុខទុក្ខប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលត្រៀមការប្រកួតផ្លូវការ ចាប់ពីល្ងាចថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខ នៅតំបន់ឆ្នេរសុខា ខេត្តព្រះសីហនុ។

លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានឲ្យដឹងថា មកទល់ពេលនេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងអ្នកជំនាញ និងគណៈកម្មការអន្ដរជាតិ បានមកជួបជុំគ្នានៅខេត្ដព្រះសីហនុហើយ ដោយទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ច ទាំងការស្នាក់នៅ ហូបចុក និងសន្ដិសុខសណ្ដាប់ធ្នាប់ ប្រកបដោយភាពកក់ក្ដៅបំផុត ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ថោង ខុន ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បន្ដថា អត្ដពលិកចូលរួមការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ានលើកដំបូងនៅកម្ពុជានេះ គឺមាន ៣ប្រទេស រួមមានសិង្ហបុរី ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់ ។ ហើយនៅល្ងាចថ្ងៃអាទិត្យនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ នឹងរៀបចំពិធីបើកការប្រកួត មុនដំណើរការការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះ ត្រូវបានអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល និងទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC ក្នុងអនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីសហការគ្នារៀបចំ បន្ទាប់ពីប្រភេទកីឡានេះ ពុំត្រូវបានដាក់ឲ្យប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដើម្បីជាការវាស់ស្ទង់ និងដកស្រង់បទពិសោធន៍ត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕