(បរទេស)៖ លោក Samuel Eto’o ត្រូវបានបោះឆ្នោតគាំទ្រឲ្យដឹកនាំសហព័ន្ធបាល់ទាត់នៃប្រទេសកាមេរូន ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត ក្នុងការបោះឆ្នោតដែលត្រូវបានធ្វើឡើងនាថ្ងៃសៅរ៍ម្សិលមិញនេះ។

Eto’o បានជួយក្រុមជម្រើសជាតិប្រចាំតំបន់ទ្វីបអាហ្វ្រិកខាងលើនេះ ឡើងទៅលេងជុំផ្តាច់ព្រ័ត្រ ៤សម័យកាល តែពុំដែលឆ្លងផុតនៃវគ្គសន្សំពិន្ទុម្តងណាឡើយនាពេលកន្លងមក។

អតីតកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក វ័យ ៤០ឆ្នាំខាងលើនេះ បោះឆ្នោតឈ្នះគូប្រជែងលោក Seidou Mbombo Njoya ដែលជាអនុប្រធានទី៤ នៃសហព័ន្ធបាល់ទាត់ប្រចាំតំបន់ផងដែរ ក្នុងចំណោមបេក្ខជន ៧រូបដែលបានឈរឈ្មោះបោះឆ្នោត មុនពេល ៥នាក់ផ្សេងទៀតបានប្រកាសដកខ្លួនមុនការបោះឆ្នោតមកដល់។

អតីតកីឡាករឆ្នើមប្រចាំក្លិបតោខៀវ Chelsea, Inter Milan និង FC Barcelona ផងនោះបានថ្លែងក្រោយជាប់ជាប្រធានថ្មីនៃសហព័ន្ធបាល់ទាត់កាមេរូនថា លោកនឹងធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅសម្រាប់បាល់ទាត់ទាំងមូលនៅក្នុងប្រទេស ជាពិសេសគឺញែកឲ្យដាច់រវាងនយោបាយ និងកីឡាបាល់ទាត់នៅកាមេរូនផ្ទាល់តែម្តង៕