(ញូវយ៉ក)៖ ក្រុមបាល់ទាត់ New York City បានគ្រងតំណែងជើងឯក Major League Soccer (MLS) ឆ្នាំ២០២១ នេះ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីឈ្នះគូប្រជែង Portland Timbers ៤-២ នៅពេលប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ១-១ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។

New York City FC ដែលមានម្ចាស់ជាមួយក្លិប Manchester City របស់អង់គ្លេសផងនោះ បានបញ្ចប់រយៈពេលរង់ចាំរបស់ពួកគេក្នុងការឈ្នះជើងឯក MLS នេះជាលើកដំបូងនៅពេលយកឈ្នះ Portland ដែលជាជើងឯកកាលឆ្នាំ២០១៥ កន្លងទៅផងនោះ។

New York City បានក្លាយជាជើងឯក MLS ជាលើកទី២០ នៃព្រឹត្តិការណ៍ជើងឯកលីគកំពូលរបស់អាមេរិក ក្រោយពេលប្រកាសទិញក្លិបនេះដោយសេដ្ឋីអារ៉ាប់កាលឆ្នាំ២០១៣ រួមទាំងចុះកិច្ចព្រមព្រៀងជាមួយក្រុមបាល់បោះ New York Yankees ផងដែរ។

គិតតាំងពីពេលនោះមកដែល New York City បានចូលលេងក្នុងលីគកំពូលអាមេរិកក្នុងឆ្នាំ២០១៥ មក មានកីឡាករល្បីៗនៅអឺរ៉ុបចូលរួមលេងជាច្រើនរួមមាន David Villa ដែលធ្លាប់ឈ្នះជើងឯក World Cup 2010 ជាមួយអេស្ប៉ាញ កីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo និងអតីតខ្សែបម្រើអង់គ្លេស Frank Lampard ថែមទៀតផង៕