(លីវើភូល)៖ Mohamed Salah រកបាន ១គ្រាប់ដោយបាល់ ១១ម៉ែត្រជួយ Liverpool យកឈ្នះក្រុមភ្ញៀវ Aston Villa ១-០ នៅពេល Steven Gerrard វិលមកកាន់កីឡដ្ឋាន Anfield វិញក្នុងនាមជាគ្រូបង្វឹករបស់ Villa។
Gerrard បានវិវត្តន៍ខ្លួនក្លាយជាអ្នកចាត់ការទូទៅក្នុងឆ្នាំ២០១៨ នៅក្រោយពេលបញ្ចប់ការលេងរយៈពេល ១៧ឆ្នាំនៅទឹកដី Anfield ក្នុងក្លិបហង្សក្រហម Liverpool ដោយរកបាន ១៨៦គ្រាប់ពីការចូលលេងបាន ៧១០ប្រកួត ឈ្នះទាំងពាន UEFA Champions League, FA Cup, Uefa Cup និងពាន League Cup ផងដែរ។
Aston Villa មានការលំបាកជាខ្លាំងក្នុងការយកឈ្នះក្រុមខ្លាំង Liverpool ក្នុងការរក ៣ពិន្ទុជាលើកទី៤ របស់ Gerrard បន្ទាប់ពីឈ្នះ ៣ប្រកួតជាប់ក្នុង Premier League ក្រោយលាឈប់ដឹកនាំក្លិប Rangers មក រហូតដល់កីឡាករ Tyrone Mings បង្កកំហុសទៅលើ Mohamed Salah ក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យមានបាល់ប៉េណាល់ទីកើតឡើង។
៣ពិន្ទុក្នុងដីដ៏សំខាន់នេះដែរ ធ្វើឲ្យ Liverpool ដែលដឹកនាំដោយលោក Jurgen Klopp បន្តឈរនៅលេខ២ មាន៣៧ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ដែលបានយកឈ្នះ Wolves ១-០ នោះ នៅត្រឹម ១ពិន្ទុដដែលគិតត្រឹមសប្តាហ៍ទី១៦ ជើងទី១នេះ៕