(មេនឆេស្ទឺ)៖ អ្នកចាត់ការបណ្តោះអាសន្នក្លិប Manchester United លោក Ralf Rangnick បានលើកឡើងថា លោកមិនចាំបាច់ទាក់ទាញកីឡាករ ដើម្បីឲ្យបន្តលេងនៅក្លិបនោះទេ ស្របពេលដែល មានការកើនឡើងនូវការជញ្ជឹងគិត ពីប្រព័ន្ធផ្សព្វផ្សាយ ស្តីពីអនាគតរបស់ម្ចាស់ពានរង្វាន់ World Cup របស់បារាំង កីឡាករ Paul Pogba, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។
កីឡាករវ័យ២៨ឆ្នាំរូបនេះ បាននឹងកំពុងវិលត្រឡប់ទៅកាន់ Manchester វិញ ពីទីក្រុង Dubai, ជាទីកន្លែងដែលលោកបានចំណាយពេល ស្តារនីតិសម្បទា បន្ទាប់ពីរងរបួសភ្លៅ កាលពីខែវិច្ឆិកា ហើយមិនទាន់អាចបង្ហាញខ្លួន ក្នុងគម្រោងរបស់លោក Rangnick នោះទេ, បើទោះបីជាផុតកិច្ចសន្យា នៅចុងរដូវកាលនេះក៏ដោយ។
ក្លិប United បានជជែកជាមួយ Pogba ស្តីពីកិច្ចសន្យាថ្មី, ប៉ុន្តែកីឡាករខ្សែបម្រើរូបនេះ តែងតែជាប់ពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូរ ចេញពីកីឡដ្ឋាន Old Trafford ចាប់តាំងពីចូលរួមម្តងទៀត ក្រោយចាកចេញពីក្លិប Juventus ក្នុងឆ្នាំ២០១៦ ជាមួយនឹងតម្លៃកំណត់ត្រាពិភពលោក តម្លៃ៨៩លានផោន (១១៨.០៩លានដុល្លារ)។
"ខ្ញុំនឹងមិននិយាយថា គាត់មិនមានតម្លៃទេ ប៉ុន្តែជាការពិតណាស់ កីឡាករត្រូវតែចង់លេង និងលេងឲ្យក្លិប និងក្លិបធំ ដូចជា United", នេះបើតាមសម្តីលោក Rangnick បានលើកឡើង មុនការប្រកួតទៅជួបក្លិប Norwich City ក្នុងលីគ Premier League នាថ្ងៃសៅរ៍នេះ។
លោកបន្ថែមថា "ប្រសិនបើកីឡាករ មិនចង់លេងឲ្យក្លិប ដូចជាក្លិប United ក្នុងរយៈពេលមធ្យម ឬយូរនោះ, ខ្ញុំមិនគិតថា ត្រូវនិយាយទាក់ទាញគាត់ ដើម្បីឲ្យផ្លាស់ប្តូរគំនិតរបស់គាត់នោះទេ"៕