(អាមេរិក)៖ វិទ្យាស្ថានភាពយន្តអាមេរិក (AFI) បានប្រកាសជាផ្លូវការអំពីខ្សែភាពយន្តដ៏ល្បី និងមានឥទ្ធិពលប្រចាំឆ្នាំ២០២១ ក្នុងចំណោមនោះ គេឃើញថា រឿងភាគរបស់កូរ៉េខាងត្បូង «Squid Game» បានឈ្នះពានរង្វាន់ពីកម្មវិធីពានរង្វាន់ប្រចាំឆ្នាំនៃវិទ្យាស្ថាននេះ និងជារឿងបរទេសតែមួយគត់ផងដែរ ដែលទទួលកិត្តិយសបែបនេះ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ AFI តែងតែធ្វើការជ្រើសរើសភាពយន្តឆ្នើមទាំង១០ និងកម្មវិធីទូរទស្សន៍ឆ្នើមទាំង១០ មកពីជុំវិញពិភពលោក ដើម្បីរៀបចំការផ្តល់ពានរង្វាន់។ ភាពយន្តដែលត្រូវទទួលពានរង្វាន់ពី AFI គឺតាមរយៈការមានឥទ្ធិពលខ្លាំង ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ការច្នៃប្រឌិត និងសមិទ្ធផលដែលទទួលបានក្រោយចាក់បញ្ចាំង។
ជាក់ស្តែង នៅពេលនេះរឿងរបស់កូរ៉េខាងត្បូង «Squid Game» បានឈ្នះពានរង្វាន់ «Special Awards» ផងដែរ បន្ទាប់ពីល្បីល្បាញខ្លាំង និងទទួលការគាំទ្រយ៉ាងលើសលប់ រហូតរកប្រាក់ចំណូលប្រមាណ ៩០០លានដុល្លារអាមេរិក ពីការចាក់បញ្ចាំងរយៈពេល១ខែដំបូង។
គួរជម្រាបថា ក្រោយល្បីល្បាញខ្លាំង រឿងរបស់កូរ៉េខាងត្បូងមួយនេះ ត្រូវបាន YouTuber ល្បីៗជាច្រើន យកទៅថតបន្ត និងមានការលេងហ្គេមដូចក្នុងរឿងនេះផងដែរ តែមិនមានមនុស្សស្លាប់ដូចរឿងឡើយ។ ជាក់ស្តែង YouTuber ល្បីឈ្មោះ និងមានប្រាក់រាប់លានដុល្លារមួយរូប ឈ្មោះថា «MrBeast» ត្រូវបានគេដឹងថា ចំណាយប្រាក់ចំណាយ សរុប អស់ជាង ៣.៥លានដុល្លារ ដើម្បីយករឿងនេះសម្តែងលេងបន្ត ដើម្បីថតវីដេអូបង្ហោះក្នុង YouTube ដោយក្នុងនោះ ចំណាយលើការរៀបចំប្លង់ ២លានដុល្លារ និងឲ្យប្រាក់រង្វាន់ទៅអ្នកចូលរួម ក៏ដូចជាអ្នកឈ្នះជាង ១.៥លានដុល្លារ៕