(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៉ី Property Guru Asia Property Awards ២០២១ ត្រូវបានបញ្ចប់ការវាយតម្លៃផ្តាច់ព្រ័ត្រ និងប្រកាសជ័យលាភី នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។ ជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកយើង បានយកឈ្នះអ្នកអភិវឌ្ឍន៍ល្បីៗ ក្នុងតំបន់ជាច្រើនជាង ១០ប្រទេស ព្រមទាំងទទួលបានជ័យលាភីល្អដាច់គេប្រចាំទ្វីបអាស៉ី។

តាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្លូវការ នៃកម្មវិធីអន្តរជាតិដ៏ធំ Property Guru Asia Property Awards បានប្រកាសថា បុរី មេគង្គលែន ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អដាច់គេទូទាំងទ្វីអាស៉ី (Best Breakthrough Developer Asia) ប្រចាំឆ្នាំ២០២១។

គួររំលឹកផងដែរ មេគង្គលែន ម្ចាស់ជ័យលាភីទ្វីបអាស៉ីនេះ ទើបតែបានឈ្នះពានរង្វាន់ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន២ពានរង្វាន់ និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣រង្វាន់ រួចបន្តការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗ ដែលជាជ័យលាភីពីប្រទេសឯទៀតក្នុងទ្វីបអាស៉ី។ នេះពិតជាសមិទ្ធផលដ៏គួរឲ្យកោតសសើរ ដែលបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍន៍អចលនទ្រព្យប្រទេសកម្ពុជាយើង ទៅលើគុណភាព ស្តង់ដារ គំនិតច្នៃប្រឌិត ម៉ូតផ្ទះស្អាត គឺទទួលបានការវាយតម្លៃខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់។

កម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បី ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ទ្វីបអាស៉ី នេះគឺជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីជ័យលាភីអចលនទ្រព្យផ្តាច់គេប្រចាំប្រទេស ច្រើនជាង១០ប្រទេសក្នុងទ្វីបអាស៉ី មានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេស៉ី ថៃ វៀតណាម ហ្វីលីពីន ។ល។ ការវាយតម្លៃនេះ គឺឆ្លងកាត់ការសម្រិតសម្រាំងពីអ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដារ និងវិជ្ជាជីវៈកម្រិតពិភពលោក ដើម្បីស្វែងរកជ័យលាភីល្អផ្តាច់គេទូទាំងទ្វីបអាស៉ី៕

ដើម្បីកាន់តែច្បាស់ សូមទស្សនា វីដេអូការប្រកាសចេញពីផេកផ្លូវការ Property Guru Asia Property Awards ៖ https://youtu.be/Qy8WMDfzSBw