(ភ្នំពេញ)៖ ណាហ្គាវើលដ៍ (NagaWorld) បានទទួលពានរង្វាន់ Social Caring Pledge (SCP) ដ៏មានកិត្យានុភាពចំនួន២ ចំពោះសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គម ដែលផ្តល់ប្រយោជន៍ដល់សហគមន៍ ដែលមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា។
ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើសកម្មភាពជាង៥៥០ មកដល់បច្ចុប្បន្នដោយផ្តោត ទៅលើការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។
ណាហ្គាវើលដ៍ (NagaWorld) គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនណាហ្គាខប លីមីធីត (NagaCorp Ltd.) ដែលបានចុះបញ្ជីផ្សារភាគហ៊ុន នៅទីក្រុងហុងកុង ដែលមានលេខកូដ SEHK stock code: 3918 និងជាម្ចាស់គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោក តែមួយគត់នៅរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា។
ត្រូវបានរៀបចំដោយរាជបណ្ឌិតសភាស្រាវជ្រាវសហគ្រាសសង្គម (SERA) កម្មវិធីប្រគល់ពានរង្វាន់លើកទី១២នេះ បានរកឃើញក្រុមហ៊ុនចំនួន៤១ ដែលបានឈ្នះពានរង្វាន់ នៅក្នុងផ្នែកចំនួន៩ផ្សេងៗគ្នា។ SERA ក៏បានប្រគល់ពានរង្វាន់ ដល់អ្នកដឹកនាំចំនួន៥៥រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា ចំពោះការចូលរួមជួយដល់សង្គម និងជំនាញវិជ្ជាជីវៈរបស់ពួកគេផងដែរ។
ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនឆ្នើមដែលយកចិត្តទុកដាក់ទៅលើសង្គម» និងពានរង្វាន់ «ឧត្តមភាពបរិស្ថាន»។ ពានរង្វាន់ «ក្រុមហ៊ុនឆ្នើមដែលយក ចិត្តទុកដាក់ទៅលើសង្គម» ត្រូវបានផ្តល់ដល់ក្រុមហ៊ុនណា ដែលមានសកម្មភាពធុរកិច្ចរឹងមាំឋិតថេរ និងជួយដល់សង្គមជាតិ ដែលស្របទៅនឹងគោលការណ៍សង្គមចំនួន ៦ចំណុច គឺការការពារបរិស្ថាន ការប្រឆាំងនឹងការរើសអើង ពលកម្មដែលគ្មានការបង្ខិតបង្ខំ ការផ្តល់ត្រឡប់ទៅឲ្យសហគមន៍ ការប្រឆាំងអំពើពុករលួយ និងសុវត្ថិភាព និងគុណភាព។
ចំណែកឯ ពានរង្វាន់ «ឧត្តមភាពបរិស្ថាន» ផ្តល់ទៅឲ្យក្រុមហ៊ុនណា ដែលធ្វើសមាហរណកម្មនៃសកម្មភាពបរិស្ថាន ទៅជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផ្តល់ប្រយោជន៍ផ្នែកធុរកិច្ចរបស់ខ្លួន ទៅដល់សហគមន៍។
លោក សន តាន់ (Sean Tan) ដែលជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអញ្ជើញទៅទទួលពានរង្វាន់តំណាង ឲ្យក្រុមហ៊ុននៅក្នុង ពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ី ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ហុងកុង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Sean Tan បានឲ្យដឹងថា «យើងពិតជាដឹងគុណ និងសូមថ្លែងអំណរគុណ ចំពោះការផ្តល់ពានរង្វាន់ធំទាំងពីរនេះ ដែលទទួលស្គាល់សកម្មភាពសង្គម ដែលធ្វើឡើងដោយបុគ្គលិកស្ម័គ្រចិត្ត នៃផ្នែកការងារសង្គមរបស់យើង ចាប់តាំងពីឆ្នាំ២០១៤»។
លោកក៏បានបន្ថែមផងដែរថា «ប្រជាពលរដ្ឋ និងយុវជនជាង ៤២០,០០០នាក់ ក្នុងប្រទេសកម្ពុជា បានទទួលប្រយោជន៍ពីកម្មវិធីការងារសង្គមរបស់យើង ខណៈបុគ្គលិកណាហ្គាវើលដ៍ជាង ៤,៤០០នាក់ បានស្ម័គ្រចិត្ត និងចំណាយពេលសរុប ២៦,៨១២ម៉ោង ដើម្បីចុះជួយនៅតាមសហគមន៍។ ពាក្យស្លោករបស់យើង គឺ «យើងបម្រើកម្ពុជា» ហើយយើងតែងតែទុកវាក្នុងចិត្ត និងបេះដូងរបស់យើងជានិច្ច។ រាល់គម្រោងក្នុងពេលអនាគតរបស់យើង នឹងជួយលើកកម្ពស់សង្គមកម្ពុជា និងបំពេញចន្លោះដែលខ្វះខាត៕