(តាកែវ)៖ ក្រោយមានភាពស្ងប់ស្ងាត់ពីជំងឺកូវីដ-១៩ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តចុះប្រគល់ប្រាក់រង្វាន់ធំដល់ផ្ទះរបស់អតិថិជនទៀតហើយ ដោយរង្វាន់ ទឹកប្រាក់សុទ្ធចំនួន ១០០លានរៀលថ្មីនេះ បានទៅលើយុវជនម្នាក់ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យុវជនដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មានឈ្មោះ ភាច តុង អាយុ ២០ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយ ដែលមានមុខរបរ ជាអ្នកកាប់អុសលក់ និងដាំដំណាំជាលក្ខណៈគ្រួសារ រួមនឹងការចិញ្ចឹមមាន់បន្តិចបន្តួចនៅក្រោយផ្ទះ។

ឈរនៅពីមុខផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោម ជញ្ជាំងបាំងស្លឹកពុកផុយ ដំបូលប្រក់ដែក នៅក្នុងឱកាសទទួលប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ យុវជន ភាច តុង បានប្រាប់ឲ្យដឹងថា ដោយសារតែជីវភាពគ្រួសារក្រីក្រលំបាកតោកយ៉ាក ខ្លួនបានរៀនត្រឹមតែថ្នាក់ទី៧តែប៉ុណ្ណោះ ហើយមកជួយសម្រួលការងារ នៅផ្ទះដូចជា ដាំដំណាំ ចិញ្ចឹមមាន់ និងមើលថែទាំប្អូននៅផ្ទះនៅពេលដែលឪពុក-ម្ដាយ ចេញទៅព្រៃរកកាប់អុសមកចងលក់ ដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ។

យុវជនរូបនេះបានបន្តឲ្យដឹងទៀតថា សម្រាប់ការត្រូវរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ដោយកាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីខ្លួនបានរ៉ែកទឹកស្រោចដំណាំនៅក្រោយផ្ទះនៅពេលល្ងាចអស់កម្លាំងក៏ឈប់សម្រាក ហើយទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅមុខផ្ទះមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងស្រាប់តែឃើញមានរង្វាន់ ១០០លានរៀន ហើយក៏ស្រែកប្រាប់ក្រុមគ្រួសារ គូដណ្ដឹងដែលនៅផ្ទះរួមគ្នា ព្រមទាំងអ្នកជិតខាង និងទូរស័ព្ទ ជូនដំណឹង ដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនចុះប្រគល់រង្វាន់ ១០០លានរៀលនេះ យុវជន ភាច តុង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានបង្កើតកម្មវិធី ផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអាចជួយកែប្រែនូវជីវភាពដែលធ្លាប់តែក្រខ្សត់ ប្រែរមកជាល្អប្រសើរនៅពេលនេះ។ ក្រោយពេលទទួល បានប្រាក់ រង្វាន់ ទាំងនេះ លោកនឹងយកមួយចំណែកទៅសងបំណុលធនាគារ និងទុកមួយចំណែកសម្រាប់សាងសង់ផ្ទះឲ្យបានសមរម្យ ហើយមួយចំណែកទៀត ទុកសម្រាប់ បង្កើតអាជីវកម្មសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក្រោយពេលរៀបការរួច៕