(ទីក្រុងលីបហ្សីក)៖ លោក Domenico Tedesco ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិបបាល់ទាត់ RB Leipzig របស់អាល្លឺម៉ង់ នាថ្ងៃព្រហស្បតិ៍នេះ, ៤ថ្ងៃបន្ទាប់ពីការចាកចេញ របស់អតីតគ្រូបង្គោលសញ្ជាតិអាមេរិក Jesse Marsch, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក Tedesco វ័យ៣៦ឆ្នាំ, ដែលជាអតីតគ្រូបង្គោលក្លិប Schalke 04 និងក្លិប Spartak Moscow នោះ, បានចុះកិច្ចសន្យាមួយ រហូតដល់ឆ្នាំ២០២៣ ហើយនឹងដឹកនាំការប្រកួតក្នុងលីគ Bundesliga នាថ្ងៃសៅរ៍សប្តាហ៍នេះ ដោយធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Borussia Moenchengladbach។
អតីតគ្រូបង្វឹកក្រុមយុវជន នៅឯក្លិប Hoffenheim និងក្លិប VfB Stuttgart ដើមកំណើតនៅអ៊ីតាលីរូបនេះ មានបទពិសោធន៍នៅមានកម្រិតនៅឡើយ ក្នុងការដឹកនាំក្លិបលេងនៅលីគ Bundesliga, ដោយបានចំណាយពេល មិនដល់២រដូវកាលនោះទេ នៅឯក្លិប Schalke។ លោកបានលាលែងពីការដឹកនាំក្លិប Spartak កាលពីដើមឆ្នាំនេះ។
គួររំលឹកថា ការលាលែងពីតំណែងរបស់អតីតគ្រូបង្គោល Marsch បានធ្វើឡើង បន្ទាប់ពីក្លិប Leipzig, ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ២០២០ និងជើងឯករងលីគ Bundesliga កាលពីរដូវកាលមុននោះ, បានចាញ់ការប្រកួត២-១ ក្រោមថ្វីជើងក្រុម Union Berlin កាលពីសប្តាហ៍មុន, ជាបរាជ័យលើកទី៣ជាប់គ្នានៅក្នុងលីគ ដែលបណ្តាលឲ្យពួកគេ ធ្លាក់ទៅឈរនៅលេខរៀងទី១១៕