(ឡុងដ៍)៖ ការប្រកួតក្នុងពូល នៃលីគ Europa Conference League របស់ក្រុម Tottenham Hotspur ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ះក្រុមភ្ញៀវ Rennes នៅថ្ងៃព្រហស្បតិ៍នេះ នឹងមិនធ្វើឡើង ស្របទៅតាមការគ្រោងទុកនោះទេ, នេះបើតាមការបញ្ជាក់ពី UEFA, បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅឯក្លិប Spurs, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ។

Spurs បានឲ្យដឹងកាលពីថ្ងៃពុធថា ការប្រកួតត្រូវបានស្នើសុំឲ្យបញ្ឈប់ បន្ទាប់ពីអ្នកចាត់ការ Antonio Conte បានអះអាងថា បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១៣ករណី នៅឯក្លិប ក្នុងនោះ៨នាក់ជាកីឡាករ និង៥នាក់ជាបុគ្គលិក។

ក្រោយមកនៅថ្ងៃពុធ, ក្លិប Rennes បានរិះគន់ពីការសម្រេចចិត្តនេះ ដោយលើកឡើងថា វាគឺជាការសម្រេចចិត្តឯកតោភាគី ដោយ Tottenham ហើយថាពួកគេរក្សាសិទ្ធ ក្នុងការប្តឹងទៅកាន់ UEFA។

"UEFA អាចអះអាងថា ការប្រកួតជម្រុះក្នុងពូលលីគ UEFA Europa Conference League រវាង Tottenham Hotspur និងក្លិប Stade Rennais FC ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ក្នុងទីក្រុងឡុងដ៍នោះ នឹងមិនធ្វើឡើងតាមការគ្រោងទុកនោះទេ", នេះបើតាម UEFA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

បច្ចុប្បន្ននេះ វាមិនច្បាស់លាស់នោះទេ ថាតើការប្រកួតដទៃទៀត របស់ក្លិប Spurs នឹងត្រូវបានប៉ះពាល់ឬយ៉ាងណា។ ពួកគេគ្រោងនឹងប្រកួតជាមួយក្លិប Brighton & Hove Albion ក្នុងលីគ Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ, ទៅជួបក្រុមម្ចាស់ផ្ទះ Leicester City នៅថ្ងៃទី១៦ ខែធ្នូ និងធ្វើជាម្ចាស់ផ្ទះ ជួបក្រុមភ្ញៀវ Liverpool នៅថ្ងៃ១៩ ខែធ្នូខាងមុខ៕