(ភ្នំពេញ)៖ ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៉ីនថឺរណិតលំដាប់ខ្ពស់នៅកម្ពុជានោះ បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗមួយ ដើម្បីបញ្ជាក់ជូនដល់អតិថិជនរបស់ខ្លួនអំពីសេវាកម្មអ៉ីនថឺរណិត និងផលិតផលស្របច្បាប់នានា ពីព្រោះមួយរយៈកន្លងមកមានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះ Ezecom ដើរបោកប្រាស់អថិតិជនដើម្បីលក់ផលិតផល និងសេវាកម្មរបស់ពួកគេ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ezecom ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រុមហ៊ុន Ezecom តែងតែបន្តពង្រឹងនូវសេវាកម្មរបស់ខ្លួនជូនដល់អតិថិជនរបស់ខ្លួន។ តាមរយៈកម្មវិធីពង្រឹងគុណភាពនេះ Ezecom ទទួលបាននូវការជឿទុកចិត្ត និងកិតិ្តនាមជាក្រុមហ៊ុនផ្តល់សេវាអ៉ីនថឺរណិតលំដាប់ខ្ពស់ដែលស្ថិតក្នុងការជ្រើសរើសរបស់អតិថិជន។

អាស្រ័យហេតុនេះហើយ ទើបមួយរយៈកន្លងមកនេះមានជនខិលខូចឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុន Ezecom ក្នុងការលក់ផលិតផល និងសេវាកម្មរបស់ខ្លួន ដោយមិនមានការព្រមព្រៀងពីខាងក្រុមហ៊ុន Ezecom ឡើយ។ ដោយសារតែសកម្មភាពមិនគប្បីនេះហើយ ទើបធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Ezecom ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាអ៉ីនថឺរណិតលំដាប់ខ្ពស់ ព្រោះក្រុមហ៊ុន Ezecom មិនបានធ្វើការផ្តល់ ឬក៏គ្រប់គ្រងលើសេវាកម្មទាំងនោះឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Ezecom បានបន្តថា ប្រសិនបើអតិថិជនបានជួបប្រទះនូវបញ្ហាខាងលើនេះផ្ទាល់ សូមប្រញាប់ផ្តល់ព័ត៌មានមកកាន់ក្រុមហ៊ុន Ezecom ដើម្បីធានាថាក្រុមហ៊ុននឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់លោកអ្នកដែលជាអតិថិជនរបស់ក្រុមហ៊ុន។

សូមជម្រាបថា ប្រសិនបើអតិថិជនប្រើប្រាស់សេវាអ៉ីនថឺរណិតរបស់ក្រុមហ៊ុន Ezecom ដោយស្របច្បាប់ ផលិតផលដែលក្រុមហ៊ុន Ezecom មាន គឺមានឈ្មោះថា «MegaSurf xMbps» និង «MegaBiz xMbps»។ ប្រសិនបើអតិថិជនត្រូវបានណែនាំអំពីសេវាកម្មអ៉ីនថឺរណិតដែលមិនមានឈ្មោះទាំងពីរនេះ គឺមានន័យថានោះគឺជាការបោកប្រាស់។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Ezecom ក៏មិនមានផ្តល់នូវសេវាកម្មផលិតផលដែលផ្តើមដោយឈ្មោះ Ezecom នាំមុខនោះដែរ»

ប្រសិនបើអតិថិជនមានការសង្ស័យ ឬមិនច្បាស់ចំពោះសកម្មភាពណាមួយនោះ សូមទាក់ទងមកផ្នែកប្រឹក្សាសេវាអតិថិជនរបស់ក្រុមហ៊ុន Ezecom បានគ្រប់ពេលវេលា ដោយភ្នាក់ងារក្រុមហ៊ុនមានផ្តល់នូវសេវាប្រឹក្សា២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍៕

លេខទូរស័ព្ទ៖ 023/085 888 181 និងចុចលេខ 3 បន្ទាប់ពីជ្រើសរើសភាសា
អ៉ីម៉ែល៖ [email protected]