(ក្រុងឡុងដ៍)៖ អ្នកគាំទ្របាល់ទាត់ នឹងតម្រូវឲ្យបង្ហាញភស្តុតាង ស្តីពីការចាក់វ៉ាក់សាំងបាន ២លើក ឬលទ្ធផលតេស្តអវិជ្ជមាន ដើម្បីអាចចូលទស្សនាព្រឹត្តិការណ៍កីឡា ដែលមានអ្នកចូលទស្សនាលើសពី ១ម៉ឺននាក់ ក្នុងប្រទេសអង់គ្លេស ក្រោមវិធានថ្មី ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមការផ្សាយដោយ BBC នៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស ដាក់ចេញកាតព្វកិច្ចបណ្ណមេរោគកូវីដ១៩ ស្តីពីសេវាសុខាភិបាលជាតិ ក្នុងការទស្សនាព្រឹត្តិការណ៍កីឡាបែបនេះ ដោយសារតែការលេចឡើង មេរោគកូវីដ១៩ ប្រភេទថ្មី អូមីក្រុង។ វិធាននេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២១។
លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា វិធាននេះ គឺជាផ្នែកមួយនៃផែនការ «B» ។ បណ្ណវ៉ាក់សាំងនេះដែរ ក៏ត្រូវបានទាមទារ សម្រាប់ការចូលទស្សនាក្នុងទីតាំងបិទជិត ដែលមិនមានកៅអីអង្គុយ ដែលមានមនុស្សចូលរួម លើសពី ៥០០នាក់ និងទីតាំងមិនបិទជិត ដែលមិនមានកៅអីអង្គុយ ដែលមានអ្នកចូលរួម លើសពី ៤ពាន់នាក់។
សូមជម្រាបថា មានការប្រកួត Premier League ចំនួន ៣ប្រកួត នៅថ្ងៃទី១៤ ខែធ្នូ មុនពេលវិធានថ្មី ចូលជាធរមាន។ វិធានថ្មីនេះ នឹងប៉ះពាល់ទៅដល់ការប្រកួត Premier League ចំនួន ១៧ប្រកួត ចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ។
លោក Johnson បានបន្ថែមថា លទ្ធផលអវិជ្ជមាន នៃការតេស្តរកមេរោគកូវីដ១៩ អាចនឹងគ្រប់គ្រាន់ដើម្បីចូលទស្សនាការប្រកួតបាន៕