(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ុ បានចាត់ទុកវិស័យសារព័ត៌មាន គឺជាគន្លឹះនៃភាពជោគជ័យ នៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ លោកបានគូសបញ្ជាប់បែបនេះ ក្នុងពិធីបិទវគ្គសិក្សា «តួនាទីអ្នកសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន» នៅថ្ងៃទី០៩ ខែធ្នូនេះ ដែលធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC ។
លោក មីកាមិ ម៉ាសាហ៊ីរ៉ុ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះវិស័យសារព័ត៌មាន ពិសេសសារព័ត៌មានកីឡា ដែលជាផ្នែកដ៏សំខាន់ នៃចំណាប់អារម្មណ៍របស់អ្នកទស្សនា ជាក់ស្ដែងវិស័យសារព័ត៌មាន បានដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នាទីក្រុងតូក្យូ កាលពីថ្មីៗ ទោះបីគ្មានទស្សនិកជនចូលរួមទស្សនាក៏ដោយ តែវាបានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ។ ដូច្នេះលោករំពឹងថា សារព័ត៌មាននឹងរួមចំណែកផ្សព្វផ្សាយឲ្យស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យដូច្នោះដែរ ។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «គន្លឹះនៃភាពជោគជ័យ នៃស៊ីហ្គេម ដែលជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៣ គឺស្ថិតនៅលើវិស័យសារព័ត៌មាន ដែលវាមិនមែនជាការនិយាយបំផ្លើសទេ ។ ខ្ញុំសង្ឃឹមថា អ្នកសារព័ត៌មាននឹងប្រើប្រាស់ជំនាញដែលមានរៀងខ្លួន រីកចម្រើនរួមគ្នា ជាមួយនឹងកីឡាករ ដើម្បីគោលដៅឆ្នាំ២០២៣ ហើយផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវភាពក្លាវក្លារបស់កីឡាករកម្ពុជា ក៏ដូចជាកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា» ។
ទន្ទឹមជាមួយគ្នាលោកបណ្ឌិត ថោង ខុន បានចាត់ទុកវគ្គសិក្សាខាងលើ គឺជាវគ្គដ៏មានសារៈសំខាន់ ត្រូវនឹងពេលវេលា ដែលកម្ពុជា កំពុងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង ស្របពេលកម្ពុជានៅខ្វះខាតច្រើន ចំពោះអ្នកសារព័ត៌មានជំនាញវិជ្ជាជីវៈកីឡា ។ លោករំពឹងថា វគ្គនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជំនាញកីឡា ដើម្បីរួមចំណែកផ្ដល់ព័ត៌មានកីឡាជូនសារធារណជនប្រកបដោយគុណភាពជំនាញកីឡាពិប្រាកដ ។
លោករដ្ឋមន្ដ្រីបន្ដថា «ក្នុងសម័យកាលកីឡាទំនើប និងចលនាអូឡាំពិកទំនើប យើងចាត់ទុកសារព័ត៌មានកីឡា គឺជាដៃគូជំរុញការអភិវឌ្ឍចលនាអូឡាំពិក និងចលនាកីឡាជាតិដែលមិនអាចខ្វះបាន ។ ពិសេសសម័យកាល Digital និង Social Media បានគ្របដណ្ដប់រាល់សកម្មភាពកីឡា និងព្រឹត្តិការណ៍ប្រកួតកីឡា ទាំងកម្រិតជាតិ និងអន្តរជាតិ ដោយលើកកម្ពស់គុណតម្លៃកីឡាកាន់តែខ្ពស់ និងផ្តល់គុណភាពផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាពទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនកុះករ» ។
ដោយហេតុនេះ លោករដ្ឋមន្ដ្រីបានផ្ដល់ជាគតិ និងអនុសាសន៍មួយចំនួនដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មានថា៖
១-សូមអ្នកសារព័ត៌មានកីឡាកម្ពុជា បន្តសិក្សាស្វែងយល់ និងចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកីឡា ទ្រឹស្តីកីឡា រដ្ឋបាលកីឡា បទប្បញ្ញត្តិកីឡា និងយល់ដឹងឱ្យច្បាស់ពីគោលការណ៏លេងដោយយុត្តិធម៌ “Fair Play” និងក្រមសីលធម៌កីឡា ។
២-សូមអ្នកសារព័ត៌មានត្រៀម ចូលរួមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ដោយយកស្មារតីវិជ្ជាជីវៈសារព័ត៌មានកីឡា មកធ្វើការផ្សព្វផ្សាយជាលក្ខណៈវិជ្ជមាន ដើម្បីលើកកម្ពស់ គុណតម្លៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ ។
៣-គណៈកម្មាធិការជាតិ CAMSOC ត្រៀមបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានកីឡាបន្តបន្ទាប់ទៀត ដោយស្នើសុំបន្តកិច្ចសហការជាមួយ Japan Asia Foundation និងក្លឹបអ្នកកាសែតកម្ពុជាបន្តទៀត ។
សូមបញ្ជាក់ថា វគ្គសិក្សាខាងលើ សហការរៀបចំដោយមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន និងក្លិបអ្នកកាសែតកម្ពុជា ដោយទទួលបានការគាំទ្រពេញទំហឹងពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដោយមានសិក្ខាកាមចូលរួមជិត ១០០នាក់ ។ វគ្គនេះ បែងចែកជា ២វគ្គ ដោយវគ្គទី១ សិក្សារយៈពេល ៤ថ្ងៃ ពីថ្ងៃទី០១-០៤ ខែវិច្ឆិកា និងវគ្គទី២ សិក្សាពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២១ នេះនៅទីស្នាក់ការ NOCC៕