(អង់គ្លេស)៖ ខ្សែភាពយន្តវគ្គថ្មីនៃខ្សែស្រាឡាយ Spider-Man ដែលនឹងត្រៀមមកបម្រើចក្ខុប្រិយមិត្ត ត្រូវបានគេកំណត់ថា ត្រៀមធ្វើឲ្យផ្ទុះនៅចុងឆ្នាំ២០២១នេះ ក្នុងរដូវកាលបុណ្យណូអែល។ យ៉ាងណាមិញ នៅពេលនេះស្រាប់តែមានដំណឹងថា រឿងថ្មីនេះកំពុងតែបំបែកកំណត់ត្រាត្រឹមមួយសប្តាហ៍ដំបូង លក់សំបុត្របានរហូតដល់ជាង២០ម៉ឺនសំបុត្រ នៅចក្រភពអង់គ្លេស បើទោះបីជាមានក្តីកង្វល់ជុំវិញវីរុសបំប្លែងថ្មី «អូមីក្រុង» ក៏ដោយ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនរោងភាពយន្ត Odeon មានមូលដ្ឋាននៅចក្រភពអង់គ្លេស លក់សំបុត្រសម្រាប់រឿងវគ្គថ្មី Spider-Man: No Way Home បានរហូតដល់ទៅជាង២០ម៉ឺនសំបុត្រ ត្រឹមរយៈពេល៧ថ្ងៃដំបូង ខណៈក្រុមហ៊ុននេះ មានសាខារោងភាពយន្តជាច្រើនទៀត ប្រមាណ១២០កន្លែង នៅជុំវិញពិភពលោក។ អាត្រានៃការលក់សំបុត្របានយ៉ាងច្រើននេះ គឺបានបំបែកកំណត់ត្រារឿង Avengers: Endgame កាលពីឆ្នាំ២០១៩ ផងដែរ។
គួរជម្រាបថា សម្រាប់ភាពយន្ត Spider-Man វគ្គថ្មី ដែលមានចំណងជើងថា Spider-Man: No Way Home នេះ ក៏មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា)ដែរ។ រឿងនេះ នឹងចាក់បញ្ចាំងនៅអាមេរិក ក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕