(បរទេស)៖ ក្រុមហ៊ុន Meta មេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា បានលុបចោលបណ្ដាញគណនីមួយចេញពីវេទិការបស់ខ្លួន ដែល បណ្ដាញគណនីមួយនោះត្រូវបានបង្កើតឡើងក្នុងគោលដៅវាយប្រហារសកម្មជនវៀតណាម ដែលមាននិន្ទាការប្រឆាំងនឹងរដ្ឋាភិបាល។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

លោក David Agranovich ប្រធានទទួលបន្ទុកផ្នែកគំរាមកំហែង និងការរំខានជាសកលរបស់ Facebook បានថ្លែងឱ្យដឹងថា នៅក្នុងប្រទេស វៀតណាម គឺមានអ្នកប្រើប្រាស់ Facebook ច្រើនរហូតដល់ជាង ៧០លាននាក់ ហើយក្នុងនោះភាគច្រើនគឺជាអ្នកដែលបង្កើត គណនីឡើងសម្រាប់រកស៊ីខាង Reports ទៅលើគណនី ឬ Facebook Page ផ្សេងៗ។

បុគ្គលិកជាន់ខ្ពស់របស់ Facebook រូបនេះបានបន្តទៀតថា បណ្ដាញគណនីដែលខ្លួនបានលុបនេះគឺជាក្រុមមនុស្សមួយដែលផ្ដល់សេវាកម្ម ក្នុងការ Reports ទៅលើសកម្មភាពអ្វីដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដែលការ Reports របស់ពួកក្នុងចេតនាធ្វើឱ្យ Post មួយនោះត្រូវបានបិទ ឬលុបចោលពីសំណាក់ Facebook។

សកម្មភាពថ្មីៗដែលបណ្ដាញគណនីខាងលើបានធ្វើគឺពួកគេបានចាប់ផ្ដើមវាយប្រហារមកលើ Faceboo Page, Facebook Account និង Group ដែលជាសកម្មជននៅក្នុងប្រទេសវៀតណាម ហើយភាគច្រើនគឺជាសកម្មជនដែលរិះគន់រដ្ឋាភិបាល។

លោក Agranovich បានបញ្ជាក់ថា សកម្មភាពដែលពួកគេ Report នោះគឺជាសកម្មភាពមួយខុសពីគោលការណ៍ដែល Facebook បានកំណត់ ព្រោះថា Report Tool ដែល Facebook បង្កើតឡើងគឺសម្រាប់តែការរិះគន់ក្នុងន័យស្ថាបនា ឬកែតម្រូវប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅនេះ Facebook បានលុបចោល Facebook Group មួយដែលមានឈ្មោះថា «E47» ដែលជា កន្លែងប្រមូលផ្ដុំសមាជិកជាច្រើន ក្នុងគោលដៅបង្កើតសកម្មភាពទៅ Report នូវអ្វីដែលពួកគេមិនចូលចិត្តនៅលើ Facebook ដែលសកម្មភាពមួយនេះវាខុសពីគោលការណ៍៕