(មេនឆេស្ទើ)៖ ខ្សែការពាររបស់ក្លិបបាល់ទាត់ Manchester City កីឡាករ Benjamin Mendy ត្រូវបានចោទប្រកាន់ជាមួយនឹងករណីចាប់រំលោភ ចំនួន ២ករណីទៀត បន្ថែមពីលើការចោទប្រកាន់ពីពេលមុនពីបទរំលោភ និងបំពានផ្លូវភេទ។ នេះបើតាមការបញ្ជាក់ពីព្រះរាជអាជ្ញាអង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

មេធាវីរបស់កីឡាករ Mendy បានលើកឡើងថា កីឡាកររូបនេះបានច្រានចោលនូវការចោទប្រកាន់ទាំងនេះ។

កីឡាករវ័យ២៧ឆ្នាំ ដែលកាលពីពេលមុនរងការចោទប្រកាន់ពីបទរំលោភចំនួន ៤ករណី និងបទបំពានផ្លូវភេទ ១ករណីនោះ ត្រូវបានឃុំខ្លួន តាំងពីខែសីហា ឆ្នាំ២០២១ មកម្ល៉េះ។

ការចោទប្រកាន់ប្រឆាំងនឹងកីឡាករ Mendy ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងនៅចម្លោះខែតុលា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២១។

លោកបានចូលរួមប្រកួតលើកចុងក្រោយ គឺក្នុងពេលក្លិប City បានប្រកួតទល់នឹងក្រុម Tottenham Hotspur កាលពីថ្ងៃទី១៥ ខែសីហា ហើយត្រូវបានគេផ្អាកការប្រកួតនៅចុងខែនោះតែម្តង។

សូមបញ្ជាក់ថា កីឡាករលំដាប់អន្តរជាតិសញ្ជាតិបារាំង Mendy បានចុះកិច្ចសន្យាចូលលេងឲ្យក្លិប City ក្រោយផ្ទេរមកពីក្លិប AS Monaco ក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃក្នុងតំបន់ ៥២លានផោន (៧១.៣២លានដុល្លារ)៕