(ភ្នំពេញ)៖ កញ្ញា ប៉ូ គឹមថេងសុតធីតា ដែលជាកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ បានចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ ដើម្បីចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាព ជាមួយបេក្ខនារីមកពីបណ្តាប្រទេសជាច្រើនទៀត លើពិភពលោកក្នុងកម្មវិធី «Miss Grand Cambodia 2021» ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
បើតាមផេកផ្លូវការរបស់ «Miss Grand Cambodia» បានបង្ហោះពីសកម្មភាពរបស់កញ្ញា ប៉ូ គឹមថេងសុតធីតា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ពេលនេះកញ្ញា ប៉ូ គឹមថេងសុតធីតា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា២០២១ (Miss Grand Cambodia 2021) បានត្រៀមនឹងចេញដំណើរហោះហើរពីមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រថៃឡង់ដ៍ ខេត្តភូកេតហើយ ជូនពរកញ្ញាធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងនាំមុខមាត់ជូនមកប្រទេសកម្ពុជាវិញ»។
សម្រាប់កម្មវិធី «Miss Grand International 2021» ត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់បេក្ខនារី តំណាងប្រទេសជាច្រើននៅលើពិភពលោក មកជួបជុំគ្នាក្នុងឆាកបវរកញ្ញាតែមួយ ដើម្បីបង្ហាញសម្រស់ និងសមត្ថភាព ចំណេះដឹងទូទៅរៀងៗខ្លួន។ ឆ្នាំ២០២១នេះ គឺមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។
គួរជម្រាបថា ជារៀងរាល់ឆ្នាំកម្ពុជា តែងតែធ្វើការបញ្ចូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International»។ តាមរយៈការចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកនេះ បវរកញ្ញាកម្ពុជាតែងតែនាំយកឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានការច្នៃប្រឌិតបន្តិចបន្តួចទៅបង្ហាញ ជាពិសេសគឺមានការនាំយកនូវទម្រង់សិល្បៈ ឈុតឆាកសម្តែងរបាំបុរាណ ក្បាច់គុនល្បុក្កតោទៅបង្ហាញ ដើម្បីផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិផងដែរ៕