(ឡុងដ៏)៖ Harry Kane បច្ចុប្បន្នស៊ុតបាន ៤៨គ្រាប់ជាមួយកំណត់ត្រានៃក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ក្នុងចំណោមកីឡាករ ១១នាក់ដែលស៊ុតបានច្រើនជាងគេ ដែលមានអតីតខ្សែប្រយុទ្ធឆ្នើម Wayne Rooney ឈរលើគេដោយស៊ុតបាន ៥៣គ្រាប់ ខណៈ Harry Kane ទើបមានវ័យ ២៨ឆ្នាំដែលទើបបង្ហាញខ្លួនបាន ៦៧ប្រកួតបណ្តោះអាសន្ន។

ក្នុងកំណត់ត្រា ១១នាក់នោះ ខ្សែប្រយុទ្ធ Harry Kane បានតាមស្មើកំណត់ត្រាលោក Gary Lineker បន្ទាប់ពីស៊ុតបាន ៤គ្រាប់ម្នាក់ឯងនៅជំនួបបំបាក់ក្រុមសាំងម៉ារុំាំង ១០-០ វគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុប តែនៅមានលោក Bobby Charlton ឈរលេខ២ រកបាន ៤៩គ្រាប់។

គួររំលឹកផងថា Harry Kane បច្ចុប្បន្នលេងបាន ៦៧ប្រកួត និងរកបាន ៤៨គ្រាប់បណ្តោះអាសន្នជាមួយក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីបានចូលក្រុមឈុតធំកាលឆ្នាំ២០១៥ មកដល់បច្ចុប្បន្នដែលមិនទាន់ឈ្នះពានណានោះទេ បានត្រឹមរងជើងឯកពាន UEFA European Championship 2020 និងលេខ៣ ពាន UEFA Nations League 2018-19 ដែលមានស្ថិតិល្អជាង Rooney តែនៅមានកម្រិតចាញ់លោក Bobby Charlton ដែលឈ្នះពាន FIFA World Cup 1966។

Harry Kane តាមរយៈលទ្ធផលបច្ចុប្បន្នរបស់ក្រុមតោកំណាចអង់គ្លេស ធ្វើបាននេះនឹងអាចផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធជ្រើសចេញពីក្លិបអាជីព Tottenham Hotspur រកបានគ្រាប់តាមស្មើ ឬលើកកំណត់ត្រា Wayne Rooney បើសិនជាខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Kane អាចបន្តជាប់ជម្រើសរបស់លោក Gareth Southgate ដែលមានភារៈកិច្ចបន្តប្រជែងពាន FIFA World Cup 2022 ឬប្រកួតអន្តរជាតិណាមួយទៀតខាងមុខនោះ៕