(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies Co. ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងផ្ដល់អាជ្ញាប័ណ្ណការរចនាទូរស័ព្ទ ស្មាតហ្វូនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនដទៃដើម្បីគេចផុតពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងដើម្បីមានលទ្ធភាព និងឱកាសក្នុងការលក់គ្រឿងបន្លាស់ និងឧបករណ៍គ្រឿងបង្គុំរបស់ខ្លួនឡើងវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Huawei បាននិងកំពុងតែពិភាក្សា ជាមួយនឹងក្រុមហ៊ុនមួយចំនួនក្នុងស្រុកដើម្បីសហការគ្នាក្នុងការបង្កើតស្មាតហ្វូន ដោយក្រុមហ៊ុន Huawei ជាអ្នកផ្ដល់អាជ្ញាប័ណ្ណរចនា និងក្រុមហ៊ុន ដែលជាដៃគូសហការជាអ្នកលក់។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Huawei បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនរដ្ឋចិន PTAC និងក្រុមហ៊ុនឯកជន Xnova ដែល បច្ចុប្បន្នកំពុងតែទទួលបានអាជ្ញាប័ណ្ណក្នុងការលក់ស្មាតហ្វូនម៉ាក Nova។ ក្នុងកិច្ចពិភាក្សាគឺក្រុមហ៊ុន Huawei ឱ្យក្រុមហ៊ុនទាំងនេះជាអ្នកលក់ ស្មាតហ្វូដែលរចនាម៉ូដដោយ Huawei ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា នឹងប្រើប្រាស់ស្លាកសញ្ញា ក្រុមហ៊ុនណាមួយក្នុងការតំណាង ឱ្យស្មាតហ្វូន នោះទេ។

ការធ្វើបែបនេះ គឺ Huawei អាចសង្គ្រោះអាជីវកម្មផលិតផលប្រើប្រាស់របស់ខ្លួនបាន ខណៈដែលអាជីវកម្មមួយនេះបានធ្លាក់ចុះនូវប្រាក់ ចំណូល ៤ត្រីមាសជាប់គ្នា ពោលគឺចាប់តាំងពីមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលចេញបញ្ជាដោយលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានស្លាកម៉ាកសញ្ញាស្មាតហ្វូន Honor ទៅឱ្យក្រុមហ៊ុន Shenzhen Zhixin New Information Technology Co., Ltd ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មរបស់អាមេរិក៕