(ឡុងដ៍)៖ អតីតខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Ron Flowers និងជាអតីតកីឡាករម្នាក់ ក្នុងក្រុមដែលបានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ១៩៦៦នោះ បានស្លាប់ហើយ ក្នុងវ័យ៨៧ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់អង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
បន្ទាប់ពីចាប់ផ្តើមបង្ហាញខ្លួន ក្នុងការប្រកួតអន្តរជាតិជាលើកដំបូងរបស់លោក ក្នុងឆ្នាំ១៩៥៥នោះ លោក Flowers បានស៊ុតបញ្ចូលទី១០គ្រាប់ ក្នុងការបង្ហាញខ្លួន៤៩ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
លោកបានកាន់កំណត់ត្រាជាកីឡាករអង់គ្លេសដំបូងគេ ដែលបានស៊ុតបញ្ចូលទី ក្នុងលីគ European Championship នៅពេលដែលលោកបានស៊ុតបញ្ចូលទី ក្នុងការប្រកួតប៉ះនឹងក្រុមបារាំង ក្នុងការប្រកួតជម្រុះនាឆ្នាំ១៩៦២។
លោក Flowers ក៏ធ្លាប់ជាកីឡាករលេងបានជាង៥០០ប្រកួត ឲ្យក្លិប Wolverhampton Wanderers ផងដែរ នៅចម្លោះឆ្នាំ១៩៥២ ដល់១៩៦៧ ហើយបានជួយឲ្យក្លិបឈ្នះពានរង្វាន់ First Division ចំនួន៣ និងពានរង្វាន់ FA Cup ផងដែរ៕