(ចិន)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba ជាទូទៅបានប្រារព្វពិធី ឬរៀបចំមហាព្រឹត្តិការណ៍មួយប្រចាំឆ្នាំដែលមានឈ្មោះថា Singles' Day ឬ 11/11 ដែលវាតែងតែធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីលក់ ទំនិញនៅក្នុងតម្លៃពិសេសសម្រាប់អតិថិជនទាំងអស់ ហើយក៏ទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងថ្ងៃ Singles' Day ក្រុមហ៊ុន Alibaba បានកត់ត្រាតម្លៃទំនិញសរុបពីបណ្ដា Plaftorm របស់ខ្លួនទាំងអស់ចំនួន ៥៤០,៣ពាន់លានយ័ន ប្រហែលនឹង ៨៤,៥៤ពាន់លាន ដុល្លារអាមេរិក។
នៅឆ្នាំ២០២១នេះ ការទិញទំនិញតាមអនឡាញនៅក្នុងប្រទេសចិនហាក់កើនឡើងខ្លាំងបើធៀបទៅនឹងឆ្នាំមុន ដោយនៅថ្ងៃ Singles' Day ក្រៅពីក្រុមហ៊ុន Alibaba ក៏មានក្រុមហ៊ុនផ្សេងៗទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ដូចជា JD.com និង Pinduoduo ជាដើម ខណៈដែល Alibaba កើនឡើង ១៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Alibaba បានទទួលរងសម្ពាធខ្លាំងពីសំណាក់រដ្ឋាភិបាលចិន ក្រោម ការស៊ើបអង្កេតលើករណីជាច្រើន និងបានធ្វើការផាកពិន័យជាប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការប្រើ ប្រាស់ឥទ្ធិពលក្នុងការប្រកួតប្រជែងដោយមិនស្មោះត្រង់៕