(ភ្នំពេញ)៖ ពានសម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បានរកឃើញបេក្ខភាព ៤ក្រុមទៀតឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមបឹងកេត អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជា (EDC) ក្រោយទម្លាក់ក្រុមសមាជិកលីគកំពូលកម្ពុជារៀងៗខ្លួនក្នុងវគ្គ ១៦ក្រុមនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

សម្រាប់ក្រុមនាគខៀវបឹងកេត បានយកឈ្នះគូប្រជែងសូលទីឡូអង្គរ ៤-០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ គ្រាដែលខ្សែប្រយុទ្ធស្នូលរបស់ក្រុម ម៉ាត់ នូរុណ ធ្វើបាន Hat-Trick (៣គ្រាប់ម្នាក់ឯង) នៅនាទី៣៦, ៦៦ និងនាទី៧៤ ខណៈ ១គ្រាប់ទៀតធ្វើបានសម្រេចដោយខ្សែការពារ សឿត ណាវ៉ា។ ជ័យជម្នះនេះ ធ្វើឲ្យបឹងកេត ឡើងទៅជួបក្រុមជើងឯករងឆ្នាំចាស់ណាហ្គាវើលដ៏ នៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។

រីឯក្រុមអង្គរថាយហ្គឺរ បានសងសឹកខេត្តព្រៃវែងបានវិញដោយយកឈ្នះ ២-០ នៅកីឡដ្ឋាន SRU ដ្បិតកាលពីឆ្នាំមុនពួកគេបានចាញ់ព្រៃវែង ៥-៤ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។ ២គ្រាប់របស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ រកបានដោយកីឡាករ ឡុង ភារ៉ាត និង សុវណ្ណ ដូណា នៅនាទី៦០ និងនាទី៦៥។ ដូច្នេះអង្គរថាយហ្គឺរ ត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង។

ចំណែកអាស៊ីអឺរ៉ុបវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់ ៣-២ ទាំងប្រផិតប្រផើយនៅកីឡដ្ឋានគិរីវង់។ ជំនួបដ៏តានតឹងនេះ អាស៊ីអឺរ៉ុបបានបើកការនាំមុខ ២គ្រាប់មុននៅវគ្គទី១ ដោយកីឡាករ ឡាក់ សុភត្រា និង សាន ចំរ៉ុង មុនត្រូវបានគិរីវង់វាយបកតាមស្មើ ២-២ នៅដើមវគ្គទី២ ដោយកីឡាករ ដាវ នីម។ ប៉ុន្ដែនៅនាទីចុងក្រោយ ព្រីង ចិត្រា បានទទួលឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រជួយឲ្យក្រុមអាស៊ីអឺរ៉ុប ទទួលបានជ័យជម្នះ៣-២ ឡើងទៅជួបក្រុមវិសាខា នៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រតែម្ដង។

ដោយឡែកក្រុមអគ្គិសនីកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ នៅទឹកដីស្ដាតចាស់។ ៤គ្រាប់ដែលជួយឲ្យក្រុមអគ្គិសនីកម្ពុជា ទម្លាក់ក្រុមខ្លាំងនៅលីគកំពូលកម្ពុជានេះ រកបានដោយកីឡាករ សា ទី នៅនាទី៤៥, កីឡាករ យ៉ាន សុខា នៅនាទី៤៥+២, កីឡាករ អ៊ឹម វីនុន នៅនាទី៤៩ និងកីឡាករ ទ្រី ប៊ុនស៊ាងយ៉ាលិន្ធ នៅនាទី៧៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមអគ្គិសនីកម្ពុជា បន្ដដំណើរទៅវគ្គ ៨ក្រុម ដោយត្រូវជួបក្រុមភ្នំពេញក្រោន។

គួរបញ្ជាក់ថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី-ថ្នាក់ជាតិនេះ គ្រោងប្រកួតតែ ១ថ្ងៃប៉ុន្ណោះនាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ជាមួយរូបមន្ដចាញ់ធ្លាក់ដដែល ដោយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចាំមើលតើក្រុមណាខ្លះ នឹងដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកនេះ?