(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកានេះ បានប្រកាសសហការគ្នា ក្នុងការជួយដល់គណៈកម្មការជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមឲ្យកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីល្ងាចមិញ បានផ្ដោតលើរបៀបវារៈសំខាន់ៗពីរ ទី១-ការប្រកាសគោលការណ៍របស់សម្ដេចពិន័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលបានបើកភ្លើងខៀវឲ្យសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយដល់គណៈកម្មការជំនាញរបស់ CAMSOC ក្នុងការបំពេញកម្លាំងបន្ថែមឲ្យមានប្រសិទ្ធភាព ពិសេសកម្លាំងយុវជនតែម្ដង ។
លោកថា «កម្លាំងយុវជន គឺជាកម្លាំងស្នូល សម្រាប់ជួយដល់គណៈកម្មការជំនាញនីមួយៗ ធ្វើឲ្យមានប្រសិទ្ធភាពការងារ ។ អ៊ីចឹងឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសដាក់ចេញនូវគោលការណ៍ គោលនយោបាយ និងផែនការនានា ដើម្បីឲ្យមានការសហការគ្នាឲ្យបានល្អ តាមការកំណត់គោលការណ៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់» ។
ចំពោះរបៀបវារៈទី២ គឺការៀបចំអ្នកស្ម័គ្រចិត្ត ដែលមានការធ្វើបទបង្ហាញអំពីផែនការច្បាស់លាស់ពីសំណាក់លោក សុខ សប្បាយណា ដោយមានការរៀបចំប្រមូលផ្ដុំអ្នកស្ម័គ្រិចិត្ដក្នុងរង្វង់ ១ម៉ឺននាក់ សម្រាប់ធ្វើការងារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ កម្លាំងអ្នកស្ម័គ្រចិត្តនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលទាមទារឲ្យមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមបម្រើការងារជាប្រវត្តិសាស្ដ្រនេះផងដែរ ។
លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា «អ្នកស្ម័គ្រចិត្ដ ត្រូវបានយកចិត្តទុកដាក់ក្នុងការផ្ដល់នូវការរៀបចំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ឲ្យពួកគាត់ធ្វើការដោយស្ម័គ្រចិត្ត តែមានប្រសិទ្ធភាព ។ អ៊ីចឹងពួកយើងបានត្រៀមលក្ខណៈយកចិត្តទុកដាក់ ចំពោះការគ្រប់គ្រង ដឹកនាំ និងការជួយដល់អ្នកស្ម័គ្រិចិត្តឲ្យការបម្រើការងារទៅមានមោនទភាព ហើយចាត់ទុកអ្នកស្ម័គ្រចិត្តគឺជាឯកអគ្គរាជទូតសុឆន្ទៈរបស់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើងទាំងអស់គ្នាតែម្ដង» ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ជាប្រវត្តិសាស្ដ្រនៅកម្ពុជាទាំងពីរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់កាលបរិច្ឆេទរៀបចំច្បាស់លាស់ ដោយការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងត្រូវប្រារព្ធពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល ៕